ព័ត៌មានជាតិ

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីឱ្យពង្រឹងជំនាញធ្វើកោសល្យវិច្ច័យឯកសារ និងសង្កេតមនុស្ស ដើម្បីបង្ការកុំឲ្យមានភាពអសកម្មណាមួយ

image

ភ្នំពេញ៖ អគ្គនាយកអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បាន ជំរុញនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវពង្រឹងជំនាញធ្វើកោសល្យវិច្ច័យនូវឯកសារ ឬលិខិតឆ្លងដែន និងជំនាញសង្កេតមនុស្ស ខណៈនគរបាលអន្តោប្រវេសន៍នេះ គឺជាសន្តិសុខជួរមុខ សម្រាប់ទប់ស្កាត់មនុស្សអាក្រក់ពីខាងក្រៅ ដែលចង់មកធ្វើការយាយីសុខសន្តិភាពជាតិ។

ការជំរុញនេះ បានធ្វើឡើងខណៈនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានចូលរួមជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងចែកវិញ្ញាបនបត្របញ្ចប់ការសិក្សា ស្តីពីជំនាញកោសល្យវិច្ច័យឯកសារ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា មន្រ្តីនគរបាលអន្តោប្រវេសន៍ ដែលជាអ្នកផ្តល់ទិដ្ឋាការដល់ភ្ញៀវបរទេសសម្រាប់ចេញចូលក្នុងស្រុក គឺជាមន្រ្តីដែលមានអាទិភាពមុនគេ ក្នុងការត្រួតពិនិត្យនូវលិខិតឆ្លងដែនរបស់ភ្ញៀវ។ ដូចនេះ ក្នុងការត្រួតពិនិត្យនោះ ត្រូវតែស្វែងយល់អំពីមនុស្សអាក្រក់ និងល្អ ដើម្បីធ្វើយ៉ាងណា កុំឲ្យមានភាពអសកម្មណាមួយ កើតឡើងក្នុងប្រទេស ដោយសារតែការមិនជំនាញក្នុងការធ្វើកោសល្យវិច្ច័យនូវឯកសារទាំងនោះ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា “ក្នុងនាមយើងជានគរបាលអន្តោប្រវេសន៍ ឬ អ្នកផ្តល់ទិដ្ឋាការគ្រប់ច្រកចេញចូលទាំងអស់ ត្រូវតែយល់ភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រទេស បើយើងគ្មានជំនាញណាមួយ ក្នុងការសង្កេតមនុស្ស ឬចេះសម្ភាសន៍មនុស្សទេ ប្រសិនបើប៉ះចំមនុស្សអាក្រក់ (ពួកភេរវកម្ម) ចង់មកបង្កអសន្តិសុខប្រទេសយើង វានឹងធ្វើឲ្យយើងលំបាក ទៅថ្ងៃក្រោយ ហើយកាលណាពួកទាំងនោះ ចូលមកអុកឡុងប្រទេសយើងហើយ ភាពរីកចំរើន និងសន្តិសុខនាពេលបច្ចុប្បន្ន ក៏វាមិនស្ថិតស្ថេរដែរ”។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានអំពាវនាវដល់នគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវតែខិតខំរៀនសូត្រ នូវជំនាញធ្វើកោសល្យវិច្ច័យឯកសារ លិខិតឆ្លងដែន និងត្រូវចេះសង្កេតមនុស្ស សម្ភាសន៍មនុស្សនេះឲ្យបានគ្រប់ៗរូប ដើម្បីធ្វើយ៉ាងណាទប់ស្កាត់នូវមនុស្សអាក្រក់ទាំងនោះកុំឲ្យចូលមកប្រទេសកម្ពុជា ក្នុងគោលបំណងមិនល្អ ពោលគឺធ្វើភេរវកម្ម និងធ្វើសកម្មភាពអាក្រក់ផ្សេងៗជាដើមនោះ៕



ព័ត៌មានទាក់ទង...