ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត៖ ​«បេះដូងយុវជនគឺជាឆ្អឹងខ្នង និងជាកម្លាំងចិត្តយុវជនគណបក្សប្រជាជនកម្ពុជាគ្រប់ជំនាន់»

image

(កំពង់ចាម)៖ ​ឯកឧត្តម ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំទទួលបន្ទុកផ្នែកយុវជនបានបញ្ជាក់ថា បេះដូងយុវជនគឺជាឆ្អឹងខ្នង និងជាកម្លាំងចិត្តរបស់យុវជនរបស់គណបក្សប្រជាជនកម្ពុជាគ្រប់ជំនាន់ ហើយយុវជនគណបក្សប្រជាជននេះហើយដែលបានដើរតួសំខាន់ក្នុងការចូលរួមរំដោះប្រទេសឲ្យរួចផុតពីអាណានិគមបារាំង ចូលរួមរំដោះប្រទេសពីចក្រក្រពត្ដិ និងរបបប្រល័យពូជសាសន៍ និងជាពិសេសបានចូលរួមកសាងប្រទេសឲ្យមានការរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្ដថា យុវជនគណបក្សប្រជាជនកម្ពុជានាពេលនេះគឺបានទទួលឱកាសច្រើនពីយុវជនគណបក្សប្រជាជនកម្ពុជាជំនាន់មុនហើយត្រូវធ្វើយ៉ាងណាចូលរួមបន្ត និងថែរក្សាសមិទ្ធផល សុខសន្តិភាព និងការអភិវឌ្ឍបន្ថែមទៀតទៅថ្ងៃអនាគត។

ឯកឧត្តម ហ៊ុន ម៉ាណែតបានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាជាប្រទេសរបស់យើងទាំងអស់គ្នា ហើយប្រជាពលរដ្ឋមិនថាបក្សណាឬបក្សណាគឺមានសិទ្ធិទៅបោះឆ្នោតទាំងអស់គ្នាដើម្បីជ្រើសរើសមេដឹកនាំរបស់យើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ ហើយមានតែការបោះឆ្នោតទេដែលយើងអាចបង្ហាញនូវវិធីសាស្ត្ររើសមេដឹកនាំតាមលទ្ធប្រជាធិបតេយ្យ និងដោយអហិង្សា និងដោយសន្តិវិធី។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើឲ្យបងប្អូមប្រជាពលរដ្ឋមេត្តាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅលេខរៀងទី២០ ដែលមានសញ្ញាទេវតាបាចផ្កានៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ នេះ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ។

ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដង្ហែក្បួនឃោសនារកសំឡេងឆ្នោត ស្ថិតនៅមុខបរិវេណសាលាខេត្តកំពង់ចាម នាថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៨ ដែលមានយុវជនជាសមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាប្រមាណ១ម៉ឺននាក់​បានចូលរួម៕ (អត្ថបទ៖ ហ៊ាង ថាច)