ព័ត៌មានជាតិ

ក្រសួងកសិកម្ម ជំរុញឲ្យអ្នកចិញ្ចឹមសត្វអនុវត្តន៍តាមគោលការណ៍កសិកម្មកិច្ចសន្យា

image

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កំពុងជំរុញឲ្យអ្នកចិញ្ចឹមសត្វលក្ខណៈគ្រួសារនិងកសិដ្ឋានខ្នាតតូច អនុវត្តនូវការចិញ្ចឹមសត្វតាមកិច្ចសន្យា ដែលធានាស្ថិរភាពទីផ្សារសម្រា ប់អ្នកចិញ្ចឹម ជាពិសេសធ្វើឲ្យពួកគាត់ក្លាយជាអ្នកចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្ម។

ឯកឧត្តម សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានមានប្រសាន៍នៅក្នុងពិធីប្រឡងជ្រើសរើសអ្នកមានស្នា ដៃឆ្នើមក្នុងការចិញ្ចឹមសត្វ និងដាំដំណាំចំណីសត្វកាលពីសប្តាហ៍មុននេះថា សព្វថ្ងៃតម្រូវការ សាច់ដែលមានគុណភាពល្អ កំពុងមាននិន្នាការកើនឡើង ដែលរំពឹងថា កើនឡើងដល់ ៣៥ម៉ឺនតោននៅឆ្នាំនេះ ខណៈការផ្គត់ផ្គង់ក្នុងស្រុកបានប្រមាណពី ២៥ទៅ ២៨ម៉ឺនតោនក្នុងមួយ ឆ្នាំ។

ឯកឧត្តមបញ្ជាក់ថា ក្រៅពីជំរុញឲ្យអ្នកចិញ្ចឹមសត្វអនុវត្តនូវការចិញ្ចឹមតាមលក្ខណៈកិច្ចសន្យា អគ្គនាយកដ្ឋានសុខភាពសត្វ ក៏នឹងជំរុញការបណ្តុះបណ្តាលបច្ចេកទេសដល់កសិករខ្នាតតូច ពង្រឹងការត្រួតពិនិត្យគុណភាពចំណីសត្វដែលនាំចូល ព្រមទាំងឳសថដែលនាំចូល ដើម្បីឲ្យ អ្នកបរិភោគទទួលបានតម្លៃសាច់ថោក មានអនាម័យ និងអ្នកចិញ្ចឹមខ្លួនឯងអាចមានលទ្ធភាពកែច្នៃសត្វនៅមូលដ្ឋានរបស់ខ្លួន។

កាលពីសប្តាហ៍មុននេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តាមរយៈគម្រោងគាំទ្រដោយសហភាពអឺរ៉ុប បានរៀបចំពិធីប្រឡងជ្រើសរើសអ្នកមានស្នា ដៃឆ្នើមក្នុងការចិញ្ចឹមសត្វ និងដាំដំណាំចំណីសត្វ ដោយមានអ្នកចិញ្ចឹមមាន់ ជ្រូក គោ និងអ្នកដាំស្មៅ មកពី ២៥ខេត្តក្រុង ទូទាំងប្រទេសចូលរួមប្រកួតប្រជែង។

លោក លី គឹមហួរ អ្នកដាំស្មៅ និងចិញ្ចឹមគោ នៅស្រុកបារ៉ាយ ខេត្តកំពង់ធំបានឲ្យដឹងថា លោកបានចាប់របរនេះជាងពីរឆ្នាំមកហើយ ដោយចិញ្ចឹមគោបំប៉នយកសាច់ប្រមាណ ៣០ក្បាល និងដាំស្មៅនៅលើផ្ទៃដី ៣០អា ហើយក្នុងនោះលោកអាចរកប្រាក់ចំណេញបានប្រហែល ២៥លានរៀល ក្នុងរយៈពេល ៣ខែ។ លោកបន្ថែមទៀតថា លោកមានបំណងពង្រីកការចិញ្ចឹមគោឲ្យកើនដល់ ១៨០ក្បាល នៅឆ្នាំក្រោយនេះ។

គួរបញ្ជាក់ថា ដើម្បីបំពេញតម្រូវការក្នុងស្រុក កម្ពុជានាំចូលសាច់សត្វ ដូចជា មាន់ ទា ជ្រូក និងសាច់គោ ពីប្រទេសថៃ វៀតណាម ជប៉ុន និងអូស្ត្រាលីជាដើម៕



អត្ថបទ ៖ សៀម ប៊ុនធី