ព័ត៌មានជាតិ

វីរុសកូវីដ-១៩ អាចឆ្លងតាមក្រដាសប្រាក់ និងមានហានិភ័យខ្ពស់បំផុត

image

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលគឺ លោកស្រី ឱ វណ្ណឌីន បានពន្យល់ថា វីរុសកូវីដ-១៩ ក៏អាចឆ្លងតាមក្រដាសប្រាក់បានដែរ ហើយការឆ្លងនេះគឺ លឿនជាទីបំផុត ប្រសិនបើអ្នកជំងឺកូវីដ-១៩ កាន់ក្រដាសប្រាក់នោះ រួចហុចបន្ដទៅអ្នកដទៃទៀត ហើយនៅពេលអ្នកនោះចាប់កាន់លុយ និងដៃមកប៉ះច្រមុះ មាត់ ឬភ្នែកជាដើម នឹងធ្វើឱ្យឆ្លងជំងឺកូវីដ-១៩ជាក់ជាមិនខាន។ ការឆ្លងនេះ គឺ តាមរយៈទឹករំអិលផ្លូវដង្ហើម ដូចជា សំបោរ ឬស្លេសទឹកមាត់ជាដើម។

អ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់យ៉ាងដូច្នេះនៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ខណៈវីរុសនេះ បានចាប់ផ្តើមឆ្លងក្នុងសហគមន៍លើកដំបូងក្នុងប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ថ្ងៃទី២៨វិច្ឆិកា។ លោកស្រីថា ប្រសិនបើបុគ្គលដែលមានវីរុសកូវីដ-១៩ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហើម ដូចជាសំបោរ ឬស្លេសទឹកមាត់ ឬយកដៃខ្ទប់មាត់ពេលក្អកកណ្តាស់ ហើយមិនបានលាងដៃនឹងសាប៊ូ ឬអាល់កុល ឬទឹកជែលសម្រាប់លាងដៃភ្លាមៗទេនោះ រួចយកដៃនោះមកកាន់ក្រដាសប្រាក់គឺ វីរុសកូវីដ-១៩ នឹងតោងលើក្រដាស់ប្រាស ហើយក្រដាសប្រាក់នោះ បានហុចបន្តទៅបុគ្គលម្នាក់ទៀត នៅពេលដែលបុគ្គលនោះ ចាប់កាន់ក្រដាសប្រាក់ វីរុសកូវីដ-១៩ នឹងតោងមកដៃបុគ្គលនោះ ហើយបុគ្គលនោះយកដៃដែលកាន់ក្រដាសប្រាក់មានវីរុសទៅប៉ះច្រមុះ មាត់ ភ្នែកជាដើម ដែលធ្វើឱ្យមានការចម្លងបានលឿនជាទីបំផុត។ បន្ទាប់មកក៏មានការចម្លងបន្តៗគ្នា ប្រសិនបើមិនបានលាងដៃ ពាក់ម៉ាស់ និងមានគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ។

លោកស្រី ឱ វណ្ណឌីន បន្តថា រឹតតែពិបាកទៅទៀត​នោះ ដោយសារវីរុសកូវីដ-១៩​ អាចរស់នៅលេីក្រដាសប្រាក់​ កញ្ចក់​ និងផ្ទៃផ្សេងៗ​ រហូតដល់​ ២៨ថ្ងៃឯណោះ​។ បេីប្រៀបទៅនឹងវីរុសផ្តាសាយធម្មតាមានប្រហែលជា​ ១៧ថ្ងៃ​ប៉ុណ្ណោះ នេះដោយផ្អែកតាមការសិក្សាដោយអ្នកវិទ្យាសាស្ត្រប្រទេសអូស្ត្រាលី ដែលបានចុះផ្សាយថ្ងៃទី​១២​ ខែតុលា​ ឆ្នាំ២០២០។ ដូច្នេះហេីយ​ បានជាការលាងសម្អាតដៃ​ រាល់ពេលចាប់កាន់វត្ថុដូចជា ទូរស័ព្ទ កញ្ចក់​ ក្រដាសប្រាក់​ ឬក្រដាសស្នាមផ្សេងៗ​ មានសារ:សំខាន់ ក្រោយកាន់ភ្លាម​ លាងភ្លែត​ លាងឱ្យបានញឹកញាប់​ ជាការចាំបាច់បំផុតក្នុងពេលនេះ​ ដែលវីរុសកូវីដ-១៩​ កំពុងតែចរាចរ​ មិនដឹងថានៅទីណា​ និងដល់ទីណាខ្លះនោះ។  

សូមបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដោយគិតពីថ្ងៃទី២៩ ខែវិច្ឆិកាដល់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់ជាង១ម៉ឺនសំណាក ដែលក្នុងនោះ មានអ្នកជំងឺវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៣៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងមណ្ឌលសុខភាពចាក់អង្រែចំនួន ៩នាក់។

ទន្ទឹមនឹងនោះ ក្រសួងស្នើដល់អ្នកដែលប៉ះពាល់នឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ទាំងអស់ ទៅធ្វើតេស្តលើកទី២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដែលក្រសួងសុខាភិបាល នឹងរៀបចំទីតាំងនៅបរិវណក្រសួងមហាផ្ទៃ ពហុកីឡដ្ឋានជាតិអូឡាំពិក និងតាមមន្ទីរសុខាភិបាលរាជធានីខេត្ត។

គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សុរបចំនួន ៣៤៨នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៣០៦នាក់៕

ព័ត៌មានទាក់ទង...