ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៥០០គ្រួសារក្នុងឃុំស្រែសំបូរស្រុកសៀមប៉ាងទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

image

ស្ទឹងត្រែង ៖ ក្នុងដំណើរប្រមាណជាង១១០គីឡូម៉ែត្រពីក្រុងស្ទឹងត្រែងទៅកាន់ឃុំស្រែសំបូរស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងរបស់ក្រុមការងារកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយលោកជំទាវពុំ​ ចន្ទីនីអគ្គលេខាធិការ​ អមដំណើរដោយឯកឧត្តមឈាង​ ឡាក់​ ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង
ដោយក្នុងនោះចំងាយលើផ្លូវគោក១០០គីឡូម៉ែត្រ
និងតាមផ្លូវប្រមាណ១០គីឡូម៉ែត្រដើម្បីសួរសុខទុកនិងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន​ រ៉ានីហ៊ុន​ សែន​ ជាប្រធានទៅជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន៥០០គ្រួសារក្នុងស្រុកសៀមប៉ាងដោយចែកចេញជា៣គោលដៅ។

គោលដៅទី១ដឹកនាំដោយលោកជំទាវពុំ​ ចន្ទីនី​ នៅភូមិពាមខិៈ(ពាមខេស) ឃុំស្រែសំបូរ​ ស្រុកសៀមប៉ាងចំនួន២៥០គ្រួសារ។ បន្ទាប់ពីបានស្តាប់រ​បាយការណ៍សាខាកាកបាទក្រហមកម្ពុជាខេត្តរួចមកលោកជំទាវពុំ​ ចន្ទីនី​ បាននាំនូវប្រសាសន៍ផ្តាំផ្ញើររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន​ រ៉ានីហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជានូវការសួរសុខទុកនិងចូលរួមសោកស្តាយចំពោះផលដំណាំដែលរងផលប៉ះពាល់ដោយទឹកជំនន់និងជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះ។ ព្រមទាំងអំពាវនាវដល់បងប្អូនយកចិត្តទុកដាក់ចំពោះសុខភាពនិងរស់នៅត្រូវមានអានាម័យជាប់ជានិច្ច​ ដោយត្រូវពិសារទឹកដាំពុះ​ បរិភោគអាហារមានអនាម័យល្អ​ ហើយស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពអោយបានទៀងទាត់តាមវេជ្ជបញ្ជាដើម្បីជៀសវាងកើតហេតុអាក្រក់ណាមួយមកលើម្តាយនិងទារក
ហើយពិសេសត្រូវយកចិត្តទុកដាក់ពេលក្រោយទឹកជំនន់តែងតែកើតមាននូវជម្ងឺគ្រុនឈាមដូច្នេះត្រូវគេងក្នុងមុងជានិច្ច។

ដូចគ្នានេះដែរនៅគោលដៅទី២ដឹកនាំដោយលោកជំទាវហួន​ ចាន់ប៉ូរ៉ា​ នាយកនាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជាបានផ្តល់អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធានជូនដល់ប្រជាពលរដ្ឋចំនួយ១៧៥គ្រួសារនៅភូមិពាមខិៈខាងលើ(ពាមខេស) ឃុំស្រែសំបូរ

រីឯគោលដៅទី៣ដឹកនាំដោយឯកឧត្តមអ៊ុយ​ សំអាតនាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជាបាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមម្ពុជា
ដើម្បីសំរាលការលំបាកជូនប្រជាពលរដ្ឋចំនួន៧៥គ្រួសារនៅភូមិកេតមឿង​ ឃុំ​ស្រែសំបូរ​ ស្រុកសៀមប៉ាង។

ប្រជាពលរដ្ឋទាំង៥០០គ្រួសារដែលទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាបានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន​ រ៉ានីហ៊ុនសែន​ ដែលបានយកចិត្តទុកដាក់និងគិតគូរពីសុខទុកនិងការរស់នៅរបស់ពួកដោយមិនប្រកាន់វណ្ណៈ ពណ៌សប្បុរ ឬរើសអើងនិន្នាការនយោបាយនោះឡើយ៕



អត្ថបទ ៖ ថឹង​ ចាន់ថារ៉ាន់