សន្តិសុខសង្គម

រថយន្តពីរគ្រឿងបុកគ្នាទាំងព្រឹកព្រលឹម បណ្តាលមនុស្សប្រុសស្រីពីរនាក់កំពុងសង្គ្រោះបន្ទាន់

image


កំពង់ស្ពឺ៖ យ៉ាងហោចមនុស្សប្រុសស្រីពីរនាក់បានរងរបួសធ្ងន់ខណៈដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តសណ្តោងបុកជាមួយរថយន្តម៉ាកTUNDRA។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ៤:២០នាទី ព្រលឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៤ ចំនុចបង្គោលគីឡូលេខ៤២-៤៣ ភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាកFUSO ពណ៍បៃតង ពាក់ស្លាកលេខភ្នំពេញ3E-3936 សណ្ដោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ 4A-5074 បើកបរពីលិចទៅកើត ដល់ចំនុចកើតហេតុបានបុកជាមួយរថយន្ត ម៉ាកTUNDRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7909 បើកបរក្នុងទិសដៅបញ្ច្រាសគ្នាពីកើតទៅលិចបណ្តាលឱ្យបុកគ្នាពេញទំហឹង។

ក្រោយកើតហេតុរថយន្តសណ្តោងបានរេចង្កូតចូលទៅក្នុងផ្ទះមួយទៀត តែមិនបណ្តាលឱ្យម្ចាស់ផ្ទះរងគ្រោះថ្នាក់នោះទេ ចំណែករថយន្តម៉ាកTUNDRA រងការខូចខាតធ្ងន់ធ្ងរ អ្នកបើកបរ និងអ្នករួមដំណើររងរបួសធ្ងន់កំពុងស្ថិតក្រោមការសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នោះ នគរបាលចរាចរណ៍នៅមិនទាន់បញ្ជាក់បានទេពីអត្តសញ្ញាណនៃអ្នកបើកបររថយន្តធំព្រោះក្រោយកើតហេតុបានគេចខ្លួនបាត់។ ចំណែកជនរងគ្រោះក៏មិនទាន់ស្គាល់អត្តសញ្ញាណដូចគ្នាព្រោះកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់៕

ដោយ៖ ប៊ុត សារុន