អង្គការ​សហប្រជាជាតិ នឹងផ្តល់សម្ភារៈ និងបណ្តុះបណ្តាលជំនាញដល់នគរបាលកម្ពុជាក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀនតាមព្រលានយន្តហោះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិនៅរសៀលថ្ងៃទី ០២ សីហា​ បានឲ្យដឹងថា​ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងនិងឧក្រិដ្ឋកម្ម ដែលហៅកាត់ថា (UNODC) នឹងផ្តល់នូវការបណ្តុះបណ្តាល និងសម្ភារៈមួយចំនួនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន និងបទឧក្រិដ្ឋផ្សេងៗទៀតនៅតាមព្រលានយន្តហោះអន្តរជាតិ កំពង់ផែ និងច្រកចេញចូលនានានៅប្រទេសកម្ពុជា ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចជំនួបជាមួយ អ្នកស្រី ស៊ែលស៊ីលី ប្លូណែត (Cecile Plunet) អ្នកសម្របសម្រួលគម្រោង AIRCOP Global នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងនិងឧក្រិដ្ឋកម្ម (UNODC) ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ បានលើកឡើងថា ខាង UNODC ដែលជាអង្គការសហការជាមួយនិងគយពិភពលោក នគរបាលអន្តរជាតិគេនឹងជួយដល់ភាគីកម្ពុជាក្នុងការផ្តល់វគ្គបណ្តុះបណ្តាលជំនាញផ្សេងៗ ក្នុងការកំណត់អត្តសញ្ញាណជនសង្ស័យ ដែលបានប្រព្រឹត្តនូវបទឧក្រិដ្ឋនានា ហើយឆ្លងកាត់តាមព្រលានយន្តហោះ តាមច្រកកំពង់ផែ និងច្រកព្រំដែនផ្សេង ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបន្តថា អង្គការ UNODC នេះគឺបានសហការជាមួយប្រទេសនៅលើពិភពលោកជាង៣០ ហើយនៅថ្ងៃនេះគេបានមកប្រទេសកម្ពុជា ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការ ហើយក៏នឹងសម្រេចចុះកិច្ចព្រមព្រៀងនាពេលខាងមុខនេះផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការទប់ស្កាត់នូវគ្រឿងញៀន ការជួញដូរមនុស្ស និងការជួញដូរនូវសត្វព្រៃកាន់តែមានប្រសិទ្ធភាពខ្លាំងក្លាបន្ថែមទៀត ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោកស្រី ស៊ែលស៊ីលី ប្លូណែត (Cecile Plunet) បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលត្រូវបានជនល្មើសលួចឆ្លងកាត់នូវគ្រឿងញៀន និងបទល្មើសផ្សេងៗ ជាក់ស្តែងកាលពីកន្លងទៅថ្មីៗនេះនគរបាល និងគយកម្ពុជាបានចាប់បានជាច្រើននូវគ្រឿងញៀន និងផ្លុកដំរី តាមព្រលានយន្តហោះ និងកំពង់ផែដែលឈ្មួញទុច្ចរិតបានយកមកពីប្រទេសផ្សេងហើយឆ្លងកាត់មកកម្ពុជា ។

អ្នកស្រីបានបន្តថា UNODC នឹងខិតខំព្យាយាមបន្ថែមទៀតជាមួយភាគីកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់នូវបទល្មើសទាំងនេះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត រួមទាំងស្នើឲ្យមន្រ្តីជំនាញកម្ពុជាផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងបញ្ហានេះនៅតាមប្រទេសដែលជាដៃគូរផងដែរ ។

សូមរំលឹកថា ប្រទេសជាង៣០ ដែលរួមសហការតាមរយៈអង្គការ UNODC នេះគឺមានប្រទេសនៅក្នុងតំបន់អាហ្វ្រិក អាមេរិកឡាទីន កូឡាំប៊ី អាស៊ីអាគ្នេយ៍ជាដើម ៕



អត្ថបទ ៖ អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation