សន្តិសុខសង្គម

ចាប់ខ្លួនបុរសម្នាក់ លួចដាំកញ្ឆាខុសច្បាប់នៅជួរភ្នំបាយ៉ង់កោ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ

image


តាកែវ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ធ្វើការឃាត់ខ្លួន បន្ទាប់ពីរកឃើញលួចដាំដុះដំណាំកញ្ឆាខុសច្បាប់ នៅជួរភ្នំបាយ៉ង់កោ ដែលស្ថិតនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ។

លោកអនុសេនីយ៍ទោ ហួត វឿន នាយស្ដីទីការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា ការរកឃើញចម្ការដាំដុះដំណាំកញ្ឆាខុសច្បាប់នោះ បានធ្វើឡើងកាលរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយមូលដ្ឋានស្រុកគិរីវង់ បានឡើងរុករកដំណាំកញ្ឆាដែលជនខិលលួចដាំដោយខុសច្បាប់នោះ។

ជនសង្ស័យ ដែលត្រូវបានចាប់ខ្លួន ឈ្មោះ ម៉ែន បាន ភេទប្រុសអាយុ ៦៨ឆ្នាំ ជាអ្នកដាំដុះកញ្ជាដោយខុសច្បាប់ រស់នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ទន្ទឹមនឹងនោះសមត្ថកិច្ច បានធ្វើការកាប់បំផ្លាញដើមកញ្ឆាស្រស់មួយទីតាំងចោលដែលមានចំនួន ១៥០ដើម, អាងស្តុបទឹកចំនួន១, រោងស្នាក់នៅចំនួន១ផងដែរ ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចបែកថ្លាងខាងលើ ស្ថិតភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ ៦០ម៉ែត្រការ៉េ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនិតិវិធី៕