សន្តិសុខសង្គម

ជនសង្ស័យ ៣នាក់ ក្នុងចំណោម៦នាក់ ត្រូវបានចាប់ខ្លួន ក្រោយបង្កហិង្សាបណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួស នៅសង្កាត់ព្រែកលៀប

image



ភ្នំពេញ៖ មានករណីហិង្សាមួយបណ្ដាលឱ្យមានមនុស្សស្លាប់ ១នាក់ និង ២នាក់ទៀត បានរងរបួស កាលពីវេលាម៉ោងជាង ១០យប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅផ្លូវលំក្រុម១៩ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្រោយបង្កហិង្សាបណ្តាលឱ្យមានមនុស្សស្លាប់នោះ កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចុះទៅដល់កន្លែងកើតហេតុ និងបានស្រាវជ្រាវចាប់ជនបង្ក។

រហូតដល់ម៉ោងជិត១២យប់ ថ្ងៃខែឆ្នាំដដែល នៅចំណុចរោងកម្មករស្នាក់នៅរបស់បុរីភ្នំពេញផាក ជាប់ផ្លូវជាតិលេខ ៦អា ភូមិខ្ទរ សង្កាត់ព្រែកលៀប កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វា បានសហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់បានជនសង្ស័យចំនួន ៣នាក់ ក្នុងចំណោមបក្ខពួកចំនួន ៦នាក់ ដែលធ្វើសកម្មភាពហិង្សាកាប់បណ្តាលឱ្យមានមនុស្សស្លាប់(ដាច់ក) និងរងរបួសចំនួន ២នាក់។

ជនសង្ស័យចំនួន ៣នាក់នោះ ឈ្មោះ រុន សុភ័ក្រ (ជនដៃដល់) ភេទប្រុស អាយុ ១៨ឆ្នាំ ជាជាងសំណង់ មានទីលំនៅភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប, ឈ្មោះ ពេជ្រ ប៉ី (ជនដៃដល់) ភេទប្រុស អាយុ ១៧ឆ្នាំ ជាជាងសំណង់ មានទីលំនៅភូមិតាយេក ឃុំតាយេក ស្រុកដំដែក ខេត្តសៀមរាប និង ឈ្មោះ វាន់ ឌឿន (សង្ស័យពាក់ព័ន្ធ)ភេទប្រុស អាយុ ៣០ឆ្នាំ ជាជាងសំណង់ មានទីលំនៅភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ចំណែកវត្ថុតាងចាប់យករួមមាន ម៉ូតូចំនួន ២គ្រឿង, ដាវចំនួន ១ដើម, ទូរស័ព្ទចំនួន ២គ្រឿង ផងដែរ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ។ ចំណែកបក្សពួកចំនួន ៤នាក់ ដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនបន្តទៀត មានឈ្មោះ រ៉ា ភេទប្រុស, ឈ្មោះ មិត្ត ហៅអាបង ភេទប្រុស, ឈ្មោះ រិទ្ធ ភេទប្រុស, ឈ្មោះ ក្រឹម ភេទប្រុស។

ចំណែកជនរងគ្រោះដែលត្រូវគេកាប់នោះមានឈ្មោះ លី តុ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ) ភេទប្រុសអាយុ ២២ឆ្នាំ មុខរបរជាងពិដាន មានទីលំនៅបច្ចុប្បន្នភូមិស្កូវ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកបុរសម្នាក់អាយុ ២៣ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី មានទីលំនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងបុរសម្នាក់ទៀត អាយុ ២៨ឆ្នាំ ធ្វើការក្នុងហាងអ៊ីនធឺណិត មានទីលំនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត៕