ព័ត៌មានជាតិ

ការផ្គត់ផ្គង់ខុនដូថ្មីៗកើនឡើង២០% នៅក្នុងត្រីមាសទី២ឆ្នាំនេះ

image

ភ្នំពេញ៖ ការផ្គត់ផ្គង់ខុនថ្មីៗនៅរាជធានីភ្នំពេញនៅតែបង្ហាញពីសន្ទុះកំណើនខ្ពស់បន្ថែមទៀតនៅឆ្នាំ២០១៨នេះ ទោះបីឆ្នាំនេះជាឆ្នាំនៃរដូវកាលបោះឆ្នោតជាតិក៏ដោយ។

ការស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានរកឃើញថា នៅ ត្រីមាសទី២ ឆ្នាំ២០១៨នេះ ចំនួននៃការផ្គត់ផ្គង់ខុនដូនៅក្នុងរាជធានីភ្នំពេញបានកើនឡើងអត្រាដល់ទៅ២០%បន្ថែមទៀតបើធៀបទៅនឹងត្រីមាសទី១កន្លងទៅ។

តាមរយៈកំណើនការផ្គត់ផ្គង់ខុនដូថ្មីៗបន្ថែមទៀតនេះ បានធ្វើឲ្យចំនួនខុនដូដែលមានវត្តមាននៅលើទីផ្សារកើនដល់ចំនួនសរុបជាង១២.៨០០បន្ទប់ ពោលគឺខុនដូថ្មីៗត្រូវបានសាងសង់រួចក្នុងត្រីមាសទី២ចំនួនប្រមាណ២ពាន់បន្ទប់បន្ថែមទៀត ហើយភាគច្រើនគឺស្ថិតនៅទីតាំងក្នុងខណ្ឌចំការមននៃរាជធានីភ្នំពេញ។

តាមការព្យាកររបស់ក្រុមហ៊ុន CBRE Cambodia នៅដំណាច់ឆ្នាំ២០១៨នេះ ចំនួនខុនដូមានវត្តមាននៅលើទីផ្សារក្នុងរាជធានីភ្នំពេញនឹងកើនឡើងដល់រង្វង់២ម៉ឺនបន្ទប់។

រយៈកាលចុងក្រោយនេះ គម្រោងសាងសង់ខុនដូភាគច្រើនវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសចិនស្របគ្នានឹងអតិថិជនក៏ភាគច្រើនជាជនជាតិចិនដែរ។

សូមបញ្ជាក់ថា ខុនដូតម្លៃមធ្យម និងលើមធ្យម មានតម្លៃរង្វង់១.៥០០ដុល្លារ និង ២.៥០០ដុល្លារក្នុង១ម៉ែត្រការ៉េ ហើយសម្រាប់ខុនដូប្រណីតតម្លៃខ្ពស់វិញ គឺតម្លៃ រង្វង់ ៣.២៥០ដុល្លារក្នុង១ម៉ែតការ៉េ៕ (CNC)