ព័ត៌មានជាតិ

ប្រធានក្រុមហ៊ុនប្រេងអាមេរិកថ្មី សន្យាបន្តជំរុញការវិនិយោគស្ថាននីយប្រេងរបស់ខ្លួននៅកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត

image

អត្ថបទ៖ ចេង ឆហួត   

ភ្នំពេញ៖ លោក Pongtorn Tangmanuswong ប្រធានក្រុមហ៊ុន Chevron (Cambodia) Limited ថ្មី ប្រចាំនៅកម្ពុជា ដែលជាក្រុមហ៊ុនប្រេងអាមេរិក បានសន្យាបន្តជំរុញការវិនិយោគស្ថាននីយប្រេងរបស់ខ្លួននៅកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត និងគោរពទៅតាមបទប្បញ្ញាតិរបស់កម្ពុជាផងដែរ ទោះបីជាជំងឺកូវីដ១៩ បានធ្វើឲ្យអាជីវកម្មមួយចំនួនទៀតរងផលប៉ះពាល់ក៏ដោយនោះ។

ការលើកឡើងយ៉ាងដូច្នេះរបស់លោក Pongtorn Tangmanuswong ធ្វើឡើងនៅក្នុងជំនួបជាមួយ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

លោករដ្ឋមន្ត្រី ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បានស្នើឲ្យប្រធានក្រុមហ៊ុនប្រេងអាមេរិកថ្មី ជួយជំរុញនិងណែនាំដល់វិនិយោគិនដទៃឲ្យមកបណ្តាក់រកស៊ីនៅកម្ពុជា ពីព្រោះថា ក្រុមហ៊ុនប្រេងអាមេរិកមួយនេះ គឺជាក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោក ដូច្នេះបណ្តាក្រុមហ៊ុនផ្សេងៗទៀត មានភាពជឿជាក់ និងមានទំនុកចិត្តមកលើក្រុមហ៊ុនផ្ទាល់។ 

ម្យ៉ាងវិញទៀត នៅប្រទេសកម្ពុជា មានស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចល្អ ខណៈដែលជំងឺកូវីដ១៩ កំពុងផ្ទុះឡើងក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈក្រសួងសុខាភិបាល បានកំពុងទប់ស្កាត់ជំងឺនេះដោយចាត់វិធានការបានយ៉ាងល្អប្រសើរ និងមិនមាននរណាម្នាក់បានស្លាប់ដោយសារតែវិបត្តិមួយនេះឡើយ។

សូមបញ្ជាក់ថា ទំនិញដែលប្រទេសកម្ពុជានាំចេញទៅអាមេរិកភាគច្រើន គឺជាផលិផលសម្លៀកបំពាក់ ស្បែកជើង កាបូប និងគ្រឿងអគ្គិសនី ចំណែកទំនិញដែលអាមេរិកនាំមកកម្ពុជាវិញមានដូចជារថយន្ត គ្រឿងអេឡិចត្រូនិក និងផលិតផលសម្រេចមួយចំនួនទៀត៕