ព័ត៌មានជាតិ

គណៈកម្មការអន្តរក្រសួង  បង្កើតអនុគណៈកម្មការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់តាមតំបន់ចត្តាឡីស័ក ដែលមាន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាប្រធាន 

image

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចបង្កើតអនុគណៈកម្មការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ 

ក្នុងសេចក្ដីសម្រេចរបស់លោក ម៉ម ប៊ុនហេង បានបង្ហាញថា អនុគណៈកម្មការនេះមាន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាប្រធាន អមដោយអនុប្រធានអចិន្ដ្រៃយ៍ម្នាក់, អនុប្រធាន៤នាក់ និងសមាជិក៨នាក់។ 

អនុគណៈកម្មការនេះ មានតួនាទី និងភារកិច្ច ដឹកនាំ និងសម្របសម្រួលការងារគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប, ត្រួតពិនិត្យ វាយតម្លៃ និងលើកយោបល់អំពីការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ កសាងផែនការហ្វឹកហ្វឺន និងបំពាក់ដល់កងកម្លាំង និងមន្ដ្រីសុខាភិបាល ដែលទទួលបន្ទុកការងារគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់។ 

ក្រៅពីនេះ អនុគណៈកម្មការនេះ ត្រូវកសាងបទដ្ឋានប្រតិបត្តិការ (SOP) ក្នុងការគ្រប់គ្រងការងារសន្ដិសុខ និងសណ្ដាប់ធ្នាប់ ដើម្បីស្នើសុំការសម្រេចពីប្រធានគណៈកម្មការអន្ដរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩, ផ្សព្វផ្សាយ ដាក់ឲ្យអនុវត្ត និងតាមដានការអនុវត្តបទដ្ឋានប្រតិបត្តិការ (SOP) និងកសាងផែនការត្រៀមបម្រុងកម្លាំងអន្ដរាគមន៍ មន្ដ្រីសុខាភិបាល សម្ភារ និងមធ្យោបាយ ដើម្បីធានាដល់ការងារគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់។ ក្នុងករណីមានតម្រូវការចាំបាច់ ចាត់តាំងប្រើប្រាស់ និងគ្រប់គ្រងកម្លាំងអន្ដរាគមន៍នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កដែលបានកំណត់ និងសហការជាមួយអាជ្ញាធមូលដ្ឋាន ស្ថាប័ន និងអង្គភាពពាក់ព័ន្ធក្នុងការអនុវត្តភារកិច្ច។ 

ជាមួយគ្នានេះ ត្រូវគ្រប់គ្រងទិន្នន័យអ្នកធ្វើចត្តាឡីស័កនៅតាមគោលដៅ និងតំបន់ចត្តាឡីស័កស្ថិតក្នុងការគ្រប់គ្រង, កសាងផែនការធានា ផ្គត់ផ្គង់ដល់ដំណើរការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់ និងបូកសរុបរបាយការណ៍ប្រចាំថ្ងៃ ស្ដីពីលទ្ធផល និងសកម្មភាពការងារសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កក្នុងអំឡុងពេលប្រតិបត្តិការ។ ក្រៅពីនេះ

បំពេញភារកិច្ចផ្សេងៗ តាមការប្រគល់ជូនពីប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩៕