កីឡា

លោក Conor ប្រាប់មូលហេតុមិនយកខ្សែការពារបរទេសបន្ថែមក្រោយ Barrett ចាកចេញ

image

ស្វាយរៀង៖ កាលពីពេលថ្មីៗនេះព្រះខ័នរាជស្វាយរៀង បានសម្រេចផ្ទេរយកខ្សែប្រយុទ្ធ Robert Lopez Mendy បង្គ្រប់កូតាបរទេស ក្រោយការចាកចេញរបស់ខ្សែការពារ Paddy Barrett ដែលវិលទៅប្រកបអាជីពនៅប្រទេសកំណើតនៅសាធារណរដ្ឋអៀរឡង់វិញ។

ឆ្លើយតបទៅនឹងសំណួរថាតើហេតុអ្វីមិនយកកីឡាករបរទេសដែលលេងតួនាទីជាខ្សែការពារដូច Paddy Barrett តែបែរជាយកខ្សែប្រយុទ្ធវិញ យោងតាម CNCC លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀងឱ្យដឹងថា កូនក្រុមក្នុងស្រុករបស់លោកមានអ្នកលេងតួនាទីការពារច្រើនហើយ។

លោកថា៖ “វាជាការពិតដែលយើងបានបាត់បង់ខ្សែការពារ ប៉ុន្តែយើងមានជម្រើសការពារច្រើនណាស់ក្នុងក្លិបយើង។ យើងមានខ្សែការពារ៨នាក់បានចុះបញ្ជី ហើយប្រហែលជា៣នាក់ទៀតដែលអាចលេងការពារបាន ប្រសិនបើយើងត្រូវការ"។ 

គួរដឹងដែរថា ខ្សែការពារ Paddy Barrett បានចូលរួមជាមួយព្រះខ័នរាជស្វាយរៀងកាលដើមខែមករា ឆ្នាំ២០២១ តែត្រូវបានប្រកាសចាកចេញនៅដើមសប្ដាហ៍នេះវិញ ដោយផ្ទេរទៅក្លិប St. Patrick’s Athletics នៃក្របខណ្ឌកំពូលសាធារណរដ្ឋអៀរឡង់។ 

កីឡាករដែលធ្លាប់ប្រកបអាជីពនៅសហរដ្ឋអាមេរិកខាងលើ ត្រូវបានជំនួសដោយខ្សែប្រយុទ្ធជនជាតិសេណេហ្គាល់ Robert Lopez Mendy ដែលទើបចាកចេញពីក្លិបជើងឯកក្របខណ្ឌកំពូលហ្វីលីពីន United City FC ៕