សណ្ដែកដីកសិករខេត្តកំពង់ចាមទទួលបានទិន្នផលច្រើន លក់បានថ្លៃ រីឯដើមធ្វើចំណីសត្វគោ

អត្ថបទ៖ ហ៊ាង ថាច
កំពង់ចាម៖ ការប្រមូលសណ្តែកដីរបស់កសិករក្នុងខេត្តកំពង់ចាមទទួលបានទិន្នផលបានច្រើនលក់ទៅ កាន់ទីផ្សារនានាក្នុងតម្លៃ៣ពាន់រៀលក្នុង១គីឡូក្រាម និងមានតម្លៃប្រហាក់ប្រហែល ឆ្នាំកន្លងទៅ។
បើតាមប្រជាកសិរករស់នៅចំណុចស្ពានព្រែកស្វាយ ក្នុងឃុំរអាង ស្រុកកំពង់សៀម បានឲ្យដឹងថាការប្រមូលផលសណ្តែកដីរបស់ពួកគាត់នាពេលនេះគឺបានច្រើនជាងឆ្នាំមុនបន្តិច ផ្ទុយទៅវិញសណ្តែកដីក្នុងឆ្នាំនេះមានមើមតិច និងស្រាលជាងឆ្នាំមុន ដោយសារទឹកទ្លេមេគង្គមិនបានលិចចូលដល់ដីចម្ការរបស់ពួកគាត់។ ជាមួយគ្នានេះប្រសិនបើ កសិករមិនបានធ្វើការថែទាំ និងស្រោចទឹកទេក៏មិនទទួលបានទិន្នផលច្រើនដូចពេលនេះដែរ។
ដោយឡែកចំពោះតម្លៃវិញក្នុងឆ្នាំនេះគឺមានតម្លៃ៣.០០០រៀលក្នុង១គីឡូក្រាម បើ ធៀបទៅនឹងឆ្នាំកន្លងទៅគឺមានតម្លៃប្រហាក់ប្រហែលគ្នាហើយចំពោះសណ្តែកដីដែលប្រមូលផលបានគឺលក់ទៅកាន់ទីផ្សារនានាក្នុងខេត្តកំពង់ចាម និងខេត្តផ្សេងៗ។ រីឯដើមសណ្តែកដីដែលនៅសល់ គឺកសិករប្រមូលទុកធ្វើជាចំណីសត្វគោ។
ប្រជាកសិករបានឲ្យដឹងទៀតថាការប្រមូលផលសណ្តែកដីនាពេលនេះមិនជួប នូវបញ្ហាប្រឈមទេ នៅក្នុងដំណាក់កាលជំងឺកូវីដ-១៩ពីព្រោះថាសណ្តែកដីរបស់ពួកគាត់ភាគ ច្រើនផ្គត់ផ្គង់ទីផ្សារក្នុងខេត្តកំពង់ចាម និងលក់ទៅឲ្យម៉ូយដែលមកទិញផ្ទាល់ដល់ចម្ការ និងផ្ទះរបស់ពួកគាត់។
ស្របគ្នានេះដែរ មន្ត្រីជំនាញកសិកម្មខេត្តកំពង់ចាមបានឲ្យដឹង ថាសម្រាប់ដំណាំសណ្តែកដីក្នុងខេត្តកំពង់ចាមគឺមានតម្លៃថេរធម្មតា ហើយចំពោះតម្លៃ ដំណាំរួមផ្សំផ្សេងៗទៀត គឺមានតម្លៃធម្មតាដូចគ្នា និងឡើងចុះៗទៅតាមពេលវេលាជាក់ស្តែង ប៉ុន្តែដំណាំផ្សេងទៀតក៏មានការធ្លាក់ថ្លៃផងដែរ នៅក្នុងដំណាក់កាលជំងឺកូវីដ-១៩ ប្រទេសកម្ពុជាកំពុងជួបនូវបញ្ហាប្រឈមនេះ៕
