អាជ្ញាធរខេត្តព្រះសីហនុចែកម៉ាស និងអប់រំផ្សព្វផ្សាយពលរដ្ឋអាជីវករ អំពីវិធានការការពារជំងឺកូវីដឆ្លងក្នុងសហគមន៍

អត្ថបទ៖ ប៉ៃ សុឃីម
ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ រួមគ្នាចុះចែកម៉ាស និងអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋ និងអាជីវករ អំពីវិធានការការពារជំងឺកូវីដ-១៩ឆ្លងក្នុងសហគមន៍ ដើម្បី លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន នៅថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០២១។
ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយដោយមានការណែនាំពី លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានឲ្យមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជន បន្ដបញ្ជ្រាបប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា។
ក្រុមការងារបានធ្វើការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងរក្សាការពារការឆ្លងជំងឺកូវីដ-១៩រួមមាន១.អនុវត្តរក្សាគម្លាតសុវត្ថិភាពឱ្យបានពី ១,៥០ម៉ែត្រ
២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ៣.ពាក់ម៉ាស់ការពារពេលធ្វើដំណើរទៅទីប្រជុំជន។ ហើយត្រូវគិតគូរអំពីអំពីកន្លែងដែលអ្នកត្រូវទៅ និងត្រូវរក្សាសុវត្ថភាព តាមរយះការចៀសវាងទីកន្លែង៣គឺ ១.កន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ ២.កន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម៕
