ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់អន្តារាគមន៍សង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅឃុំអន្លង់រាប ស្រុកវាលវែង
| ព័ត៌មានជាតិ
SHARE

(ពោធិ៍សាត់)៖ លោក​ ហេង សុភាណា អភិបាលស្រុកវាលវែងបានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ នៅតំបន់ជួរភ្នំ១០០៥ផ្នែកខាងលើនៃស្រុកវាលវែង ហើយឈានមកដល់ថ្ងៃទី៦ ខែសីហាម្សិលមិញនេះ មានភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុកក្នុងរយៈពេល ៣ទៅ៤ម៉ោងនោះ បានធ្វើឲ្យមានទឹកជំនន់ បង្កឲ្យលិចផ្ទះ,ផលដំណាំ និងផ្លូវមួយចំនួនរងការប៉ះពាល់ខូចខាតនៅភូមិចំការជ្រៃខាងត្បូង ស្ថិតក្នុងឃុំអន្លង់រាប ស្រុកវាលវែង។

នាព្រឹកថ្ងៃទី៧ខែសីហានេះ លោក ទេព រុំ មន្ត្រីសាខាកាកបាទក្រហមខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរស្រុកឃុំភូមិចុះទៅពិនិត្យស្ថានភាពជាក់ស្ដែង ចំពោះប្រជាពលរដ្ឋរងការប៉ះពាល់ជំនន់ទឹកភ្លៀងនៅឃុំអន្លង់រាប ស្រុកវាលវែងខេត្តពោធិ៍សាត់ដើម្បីនាំយកអំណោយកាកបាទក្រហមចែកជូន។

ក្នុងឱកាស ចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែងនេះឃើញថា មានលំនៅស្ថានប្រជាពលរដ្ឋចំនួន៧ខ្នង ក្នុងនោះមាន៣ខ្នងរងការប៉ះពាល់ធ្ងន់ និង៤ខ្នងទៀត រងការប៉ះពាល់មធ្យម តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនិងសត្វនោះទេ។

អភិបាលស្រុកវាលវែង លោក ហេង សុភាណា បានឲ្យដឹងទៀតថាចំពោះទំហំនៃការខូចខាតផលដំណាំរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់យ៉ាងណានោះមិនទាន់ទទួលបានតួលេខ ច្បាស់លាស់នៅឡើយទេ ខណៈដែលអាជ្ញាធរបានកំពុងតាមដាននិង ពិនិត្យស្ថានភាពជាក់ស្តែងដើម្បីរាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត ពីព្រោះស្ថានភាពជំនាន់ទឹកភ្លៀងនេះមានរយ:ពេល២ទៅ៣ម៉ោងប៉ុណ្ណោះទឹកនឹងស្រកអស់ស្ថានភាពដូចដើមវិញហើយ។

សូមជម្រាបថា​ ការផ្ដល់ជូន អំណោយ ជូនពររងគ្រោះស្ថិតក្នុងស្ថានភាពបន្ទាន់នេះ ធ្វើឡើង ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ម៉ៅ ធនិន​ អភិបាលខេត្តពោធិ៍សាត់និងឯកឧត្តម ខូយ រីដា​ អភិបាលរងខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដែល បានចាត់ឲ្យលោក វ៉ាន់ ហ៊ាង​ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តពោធិ៍សាត់ឲ្យនាំយកអំណោយទៅចែកជូន ពលរដ្ឋនាពេលនេះ។

សូមជម្រាបថា ចំពោះគ្រួសាររងគ្រោះធ្ងន់ធ្ងរ៣គ្រួសារដោយមួយគ្រួសារទទួលបានអង្ករ៥០គីឡូក្រាម កន្ទេល មុង ភួយ​ ក្រមា សារុង​ តង់និងថវិកា១០ម៉ឺនរៀល។ ហើយចំពោះគ្រួសារដែលរងផលប៉ះពាល់មធ្យម៧គ្រួសារគឺគ្រួសារនីមួយៗទទួលបានអង្ករនិងសម្ភារដូចគ្នាដោយឡែកថវិកាក្នុង១គ្រួសារចំនួន៥ម៉ឺនរៀល៕(អត្ថបទ៖ សេង​ ប៊ុនធឿន)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation