រដ្ឋមន្រី្ដ ម៉ម ប៊ុនហេង រំលឹកឱ្យពលរដ្ឋរងគ្រោះដោយទឹកជំនន់អនុវត្តអនាម័យរស់នៅទាំងពេលទឹកជំនន់និងពេលទឹកស្រក
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេងបានបន្ដដឹកនាំ ក្រុមការងារចុះមកពិនិត្យសុខភាព និងចែកថ្នាំពេទ្យជូន ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់ ចំនួនជាង៣០០គ្រួសារ ស្ថិតនៅក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ។


នៅក្នុងឳកាសនោះឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះ ធម្មជាតិ ដោយសារទឹកជំនន់នេះពោលគឺ ត្រូវការពារកូនៗ កុំឲ្យលេងទឹក ត្រូវពិសារទឹកដែលដាំពុះ ពិសេសត្រូវសម្អាតទី ទួលដែរបានរស់នៅបានឲ្យស្អាត ដើម្បីកាត់បន្ថយនឹងទប់ ស្កាត់ការឆ្លង នូវជម្ងឺផ្សេងៗ ។ ហើយពេលទឹកជំនន់នៅតែបន្ដកើនឡើងទៀតនោះ ក៏មាននូវសត្វអាសេរពឹស ច្រើនដែលពួកវាក៏ត្រូវមករកទួលសុវត្ថិភាពដូចមនុស្សយើងដែរ ដូច្នោះ ត្រូវប្រុងប្រយ័ត្នជានិច្ច ហើយបើមានពស់ចឹងឬខាំត្រូវទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពជាបន្ទាន់ដើម្បីព្យាបាលឲ្យទាន់ពេលវេលា។


ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្រី្ដ ម៉ម ប៊ុនហេង ក៏បានណែនាំ ត្រូវដាក់សញ្ញាសម្គាល់ឬដាក់បន្លាស្រាស់ នៅកន្លែងដែលមានរណ្ដៅ ឬ ស្រះ ហើយបន្ទាប់ពីទឹកជំនន់ស្រកទៅវិញ ត្រូវសម្អាតគ្រប់ទីកន្លែងជុំវិញគេហដ្ឋាន ឲ្យមានអនាម័យល្អ ពិសេសអណ្ដូងទឹក ត្រូវតែស្ដារលាងសម្អាតចេញទាំងអស់។ សម្រាប់ស្ដ្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឲ្យបានទៀង ទាត់ នៅមណ្ឌលសុខភាពណាមួយ និងត្រូវនាំកុមារទៅចាក់ ថ្នាំបង្ការឲ្យបានទៀងទាត់ តាមការកំណត់ ទោះបីជាមានទឹក ជំនន់ក៏ដោយ។


ក្នុងឱកាសចុះសួរសុខទុក្ខ និងពិនិត្យព្យាលប្រជាពលរដ្ឋនេះដែរឯកឧត្តម និងក្រុមការងារ ក៏បានផ្ដល់នូវថ្នាំបង្ការគ្រប់មុខ មានកញ្ជ្រិល ស្អូច តេតាណុស និង វីតាមីនអា ដល់កុមារក្រោម៥ឆ្នាំចំនួន២០០នាក់ និងសៀវភៅអប់រំសុខភាពប្រចាំថ្ងៃជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំង ៣០០គ្រួសាទៀតរផង ។


បើតាមរបាយការណ៍របស់លោក កេង ប៊ុណ្ណា អភិបាលស្រុកត្បូងឃ្មុំកន្លងមកបានឲ្យដឹងថាស្រុកត្បូងឃ្មុំមានឃុំចំនួន៤ ដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ គឺឃុំពាមជីលាំង ឃុំបឹងព្រួល ឃុំជីរោទិ៍១ និងឃុំទន្លេបិទ ។ ជាមួយនឹងទឹកជំនន់ទន្លេមេគង្គនេះបានបង្ករផលប៉ះពាល់ ក្នុងស្រុកត្បូងឃ្មុំដូចជា បាក់ច្រាំងទន្លេ ជម្រៅ១៦ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ រុះរើផ្ទះចេញពីការបាក់ច្រាំងចំនួន ៨ខ្នង ផ្ទះប៉ើងតាមទឹកចំនួន១ខ្នង ។ លិចស្រូវសន្ទូងពង្រោះចំនួន ១៣១ ហិកតា និងដំណាំរួមផ្សំ ១៦៩ ហិកតា ពោត ១៩ ហិចតា សាលារៀន ១៥ កន្លែង វត្ត៧កន្លែង វិហារឥស្លាម ៤កន្លែង សូរ៉ាវ ៦កន្លែង មណ្ឌលសុខភាព២កន្លែង និងផ្លូវ លំ៤៤ខ្សែ៕(អត្ថបទ៖ជឹង សេងឡុង )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation