ព័ត៌មានជាតិ

ឯកឧត្តមស៊ុយ សែម ជំរុញដល់មន្ត្រីនិងអាជ្ញាធរដែនដីគ្រប់មូលដ្ឋានត្រូវបន្តការខិតខំបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ

image

(ពោធិ៍សាត់) ៖ ឯកឧត្តមស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ និងលោក ជំទាវជា ខេង បានចុះជួបសំណេះសំណេះសំណាលនិងថ្លែងអរគុណចំពោះបងប្អួនប្រជាពលរដ្ឋភួមិព្រៃកន្ទួតស្ថិត ក្នុងឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ដែលបានបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជាមានសម្លេងច្រើនលើសលុប។

ក្នុងឱកាសនោះឯកឧត្តមស៊ុយ សែម មានប្រសាសន៍ថា ក្នុងនាមប្រធានក្រុមការងារចុះជួយ ខេត្តពោធិ៍សាត់សូមថ្លែងអំណរគុណ ចំពោះបងប្អួនប្រជាពលរដ្ឋគ្រប់មូលដ្ឋានដែលបោះឆ្នោតគាំទ្រគណៈបក្សប្រជាជនកម្ពុជាទទួលបានអាសន្ន១២៥លើ១២៥នៅក្នុង រដ្ឋសភា ដែលនេះគឺជាការផ្តល់សេចក្តីទុកចិត្តដល់សម្តេចតេជោហ៊ុន សែនដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាបន្ត។

ឆ្លើយតបចំពោះទឹកចិត្តរបស់បងប្អួនប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឯកឧត្តមស៊ុយ សែម បានជំរុញដល់ក្រុមការងារចុះជួយភួមិ ឃុំ និងអាជ្ញាធរដែនដីគ្រប់មូលដ្ឋានត្រូវបន្តធ្វើកិច្ចការ ដែលនៅសេសសល់មុនពេល បោះឆ្នោតធ្វើមិនទាន់ហើយនោះត្រូវខិតខំនាំគ្នាដោះស្រាយ ឆ្លើយតបជូនប្រជាពលរដ្ឋឲ្យបានហើយ រួចរាល់និងបន្តធ្វើការងារ ថ្មីៗថែមទៀតជូនប្រជាពលរដ្ឋ តាមពាក្យថា មន្ត្រីជាអ្នកបំរើរាស្ត្រ។

នៅក្នុងការសំណេះសំណាលជាមួយបងប្អួនប្រជាពលរដ្ឋនោះឯកឧត្តមស៊ុយ សែមនិងលោកជំទាវជា ខេង បាននាំយកចង្កៀង ប្រើពន្លឺព្រះអាទិត្យចែកជូន ចំនួន៣២២ខ្នងផ្ទះ ដោយក្នុង១ខ្នងផ្ទះទទួលចង្កៀងប្រើព្រះអាទិត្យ១គ្រឿង និងប្រគេនសម្ភារ ភេសជ្ជ:និងបច្ច័យដល់ព្រះសង្ឃវត្តបឹងស្តុកចំនួន២លានរៀលសម្រាប់កសាងវត្តទៀតផង៕អត្ថបទ៖សេង ប៊ុនធឿន