ព័ត៌មានជាតិ

សម្តេចតេជោ៖ ការលើកលែងទោសដល់អ្នកទោសមួយចំនួននាពេលថ្មីៗនេះ មិនមែនជាការគាបសង្កត់ពីបរទេសទេ គឺពួកគេបានធ្វើលិខិតសុំទោសម្តេចដោយដឹងពីកំហុសរបស់ខ្លួន​

image

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការនីរោងចក្រជាង១ម៉ឺន៤ពាន់នាក់ មកពីរោងចក្រចំនួន៦ ក្នុងខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ សីហានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៏ថា អ្នកដែលបានរួចទោសកន្លងទៅគឺអ្នកមានទោសទាំងនោះ ដូចជា លោក អ៊ុំ សំអាន លោក មាជសុវណ្ណារ៉ា លោកស្រីទេព វណ្ណី និងក្រុមមួយចំនួនទៀត បានធ្វើលិខិតសុំទោសម្តេច ដោយបានដឹងពីកំហុសរបស់ខ្លួន បានផ្តិតមេដៃតាមរយះលិខិតសុំទោស ។ សម្តេចតេជោបានស្នើសុំអោយទូរទស្សន៏ និងប្រព័ន្ធជួយផ្សព្វផ្សាយអំពីលិខិតសុំទោសរបស់ពួកគេ ដើម្បីកុំអោយអ្នកមួយចំនួនថា ការលើកលែងទោសនេះជាការគៀបសង្កត់ពីបរទេស។ សម្តេចតេជោបានបន្តថា អ្នករួចទោសតាមរយះដែលស្នើសុំព្រះមហាក្សត្រពីសំណាក់សម្តេចផ្ទាល់គឺរួចផុតពីការជំពាក់លុយសំណងទៅភាគីក្តីម្ខាងទៀត ដូចជាលោកអ៊ុំ សំអាន មាជ សុវណ្ណារ៉ា លោកស្រី ទេព ទេព វណ្ណី និងមួយចំនួនទៀតដែលមានឈ្មោះតាមរយះនៃការស្នើសុំពីនាយករដ្ឋមន្រ្តី។

សូមបញ្ជាក់ថា នាថ្មីៗនេះ ព្រះមហាក្សត្រ តាមសំណើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដោះលែងអតីតសមាជិកបក្សប្រឆាំងដែលប្រព្រឹត្តអំពើខុសច្បាប់ ក្រៅពីនោះ អ្នកនយោបាយ អ្នកវិភាគនយោបាយ សកម្មជនដីធ្លី រួមទាំង អតីតអ្នកសារព័ត៌មានមួយចំនួនទៀត ដែលត្រូវចាប់ខ្លួនក្នុងពេលប្រព្រឹត្តបទល្មើស កាលពីអំឡុងឆ្នាំ២០១៦ និង២០១៧ កន្លងទៅនេះ ក៏ត្រូវបានដោះលែងឱ្យមានសេរីភាពផងដែរ។

អ្នកជាប់ទោសទាំងនេះបានធ្វើលិខិតគោរពស្នើសុំលើកលែងទោសទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។ នៅក្នុងលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សេន បានសរសេរនៅក្នុងកម្មវត្ថុថា «សំណើសុំសម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ ស្នើលើកលែងទោសឲ្យយើងខ្ញុំទាំងអស់គ្នា បានរួចផុតទោស និងមានសេរីភាព»។

ក្នុងនោះមាន លោក មាជ សុវណ្ណារ៉ា, លោក អ៊ុំ សំអាន, លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ, លោក គឹម សុខ, អ្នកស្រី ទេព វន្នី, អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំង២រូប និងមួយចំនួនទៀត៕(អត្ថបទ ហ៊ន សុភ័ក្រ រូបភាព អេង សុគុណ និង លឹម មុនី)