ព័ត៌មានជាតិ

ក្នុងឱកាសសម្ពោធសមិទ្ធិផលនានាក្នុងវត្តដែលសម្តេចតេជោធ្លាប់ស្នាក់នៅដើម្បីសិក្សា អភិបាលរាជធានីអំពាវនាវ ឱ្យពលរដ្ឋលើកកស្ទួយវិស័យពុទ្ធសាសនាដើម្បីបន្តភាពរីកចំរើនតទៅមុខទៀត

image

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមលើកស្ទួយ ខាងវិស័យ ព្រះពុទ្ធសាសនា អោយមានការរីកចំរើនបន្តទៅទៀត ដោយថាប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ រីឯប្រជាជនកម្ពុជាក៏មានភាពស៊ីវិលទៅតាមភាពរីកចំរើននេះដែរ។


ក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តនាគវ័ន ក្នុងខណ្ឌទួលគោកនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញបានថ្លែងថា ដោយសារតែភាពរីកចំរើន នៃការអភិវឌ្ឍន៍ប្រទេសជាតិ ប្រជាពលរដ្ឋ ជាពិសេសយុវជនក៏មានភាពស៊ីវិល័យ ទៅតាមការរីកចំរើននេះ អាចប្រងើយកន្តើយនៃការលើកស្ទួយខាងវិស័យព្រះពុទ្ធសាសនា។ ឯកឧត្តម អភិបាលរាជធានី លើកឡើងបន្តថា ការលើកស្ទួយខាងវិស័យព្រះពុទ្ធសាសនា គឺមិនគ្រាន់តែប្រតិបត្តិតាមធម៌វិន័យព្រះពុទ្ធប៉ុណ្ណោះទេ តែត្រូវចូលរួម កសាងនូវសមិទ្ធផលនានា ដែលទាក់ទិនទៅនឹងសាសនាព្រះពុទ្ធ ដែលប្រទេសកម្ពុជាមានប្រជាពលរដ្ឋជាង៩០% ជាអ្នកកាន់ សាសនាព្រះពុទ្ធ ដែលនៅទូទាំងប្រទេស បច្ចុប្បន្នមានវត្ត ៤៥៥៣ វត្ត និងមានព្រះសង្ឃចំនួន៥៣.២៥៧អង្គ ។
អភិបាលរាជធានីភ្នំពេញ បន្តថា ចំពោះការប្រតិបត្តិវិញ គឺនៅមានកម្រិតនៅឡើយ ព្រោះខ្វះអ្នកប្រាជ្ញនិងបាត់បង់ ឯកសារផ្នែក ព្រះពុទ្ធសាសនាស្ទើរអស់ទៅហើយ ដែលប្រការនេះ បើយើងចង់គោរពព្រះពុទ្ធសាសនា និងប្រកបដោយសទ្ធាជ្រះថ្លានោះ យើងត្រូវខិតខំបណ្តុះធនធានសង្ឃ។ ប្រទេសមួយដែលរីកចម្រើនខាងសម្ភារៈ តែខាងស្មារតីយើងមិនបានគោរព ក៏មិនអាច លូតលាស់បានដែរ។


ទាក់ទិនទៅនឹងការសម្ពោធសមិទ្ធផលនានាក្នុងវត្តនាគវ័ននេះ លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក បានអោយដឹងថា សមិទ្ធិផលទាំងអស់ចំណាយថវិកាអស់ជាង៤លាន១៤ម៉ឺនដុល្លាអាមេរិក គឺបានកសាងទៅលើ ការជួសជុលព្រះវិហារ កែរលម្អ ស្រះទឹកខាងមុខព្រះវិហារ រៀបចំប្រព័ន្ធផ្លូវ ដាំបង្គោលភ្លើង កសាងកុដិធំៗចំនួន១៧ និងមហាកុដិមួយខ្នង ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសមិទ្ធផលតូចៗមួយចំនួនទៀត។


គួរបញ្ជាក់ថា វត្តនាគវ័នបានកសាងឡើង ក្នុងឆ្នាំ១៨៩៨ ដែលរហូតមកដល់បច្ចុប្បន្ននេះ មានព្រះចៅអធិការវត្តចំនួន៨អង្គ រួចមកហើយ ។ វត្តនាគវ័ន ជាវត្តដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមករស់នៅសិក្សា រៀនសូត្រ គឺក្នុងរជ្ជកាលព្រះចៅអធិការព្រះនាម ឈឹម ឌុក ក្នុងឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៩ផងដែរ៕