ក្នុងថ្ងៃកាន់បិណ្ឌ តារាមួយក្រុមមិននាំគ្នាទៅវត្តទេ តែបែជានាំគ្នាធ្វើរឿងមួយទៅវិញ!
| ព័ត៌មានជាតិ
SHARE

(សិល្បៈ)៖ ខុសពីប្រជាពលរដ្ឋទូទៅនិងតារាផ្សេងៗ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌដែលកំពុងប្រព្រឹត្តទៅនៅកម្ពុជានោះ ក្រុមតារាមហាហង្ស រួមមានអ្នកនាង ភិន សុដាលីស, លោក អូន ឧស្សាហ៍,លោក ភឹម តារាវិបុល, លោកសួន រ៉ានីរ៉ាស៊ីនី និងក្រុមការងារជាច្រើននាក់ទៀត បាននាំគ្នាធ្វើដំណើរឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ ដែលមានស្ថានភាពពិបាកដើម្បីទៅដល់ ទីតាំងសាលាក្នុងតំបន់ដាច់ស្រយាលមួយដើម្បីចែកសម្ភារៈសិក្សាដល់សិស្សនៅទីនោះ នោះគឺសាលាបឋមសិក្សាតាម៉ៅ ដែលស្ថិតនៅភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្សបានឱ្យដឹងថា ការប្រគល់ជូននូវតុកៅអី និងសម្ភារៈសិក្សា ជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សលើកនេះជាការផ្ដល់ជូននូវអំណោយជាទ្រង់ទ្រាយធំ ដែលជាមូលនិធិរបស់ក្រុមមហាងហង្ស ជូនដល់ សហគមន៍ដាច់ស្រយាល ប៉ុន្តែមិនមែនជាលើកទី១នោះទេ។ លោក អ៊ិន សុភិន និយាយថា ដោយសារតែមានសំណើរ ពីខាងសហគមន៍ដោយផ្ទាល់ សុំអោយផលិតកម្មជួយបំពេញកង្វះខាតដល់សាលាបឋមសិក្សាតាម៉ៅ ដែលស្ថិតនៅភូមិឃុំខាងលើ ទើបលោកនិងក្រុមការងារឈានដល់ការ ប្រគល់ជូននូវកញ្ចប់ថវិកាសម្រាប់ទិញជាតុកៅអី និងសម្ភារៈសិក្សាសរុបទឹកប្រាក់ អស់ប្រមាណជាង៤ពាន់ដុល្លារ ដោយរាប់បញ្ចូលទាំងការផ្ដល់ជាអំណោយបន្ថែមនៅថ្ងៃចុះប្រគល់ផ្ទាល់ផង គឺអស់ប្រមាណជា ៦ពាន់ដុល្លារ។

លោក អ៊ិន សុភិន ឱ្យដឹងទៀតថា ថវិកាដែលបានប្រគល់ជូនជាកញ្ចប់នេះ បានពីការកាត់ផលចំណេញរបស់ផលិតកម្មមហាហង្ស និងមួយផ្នែកតូចបានពីការរួមចំណែកពីតារាសិល្បៈ និងពីសប្បុរសជននានា។ នេះជាលើកទី២ហើយ ដែលមូលនិធិរបស់ផលិតកម្ម មហាហង្សបាន ធ្វើអំណោយ ជាទ្រង់ទ្រាយច្រើនពាន់ដុល្លារក្នុងកិច្ចការសង្គម បន្ទាប់ពីលើកទី១ ក៏បានផ្ដល់ជូនដល់មណ្ឌលកុមារ កំព្រាមួយកន្លែង។ យ៉ាងណាមិញ លោកថាខ្លួននឹងមានគម្រោងជួយដល់សាលាបឋមសិក្សាតាម៉ៅ បន្តទៀត ដើម្បីសម្រួលដល់ ការលំបាក ដែលសាលាជួបប្រទះ។

អ្នកនាង ភិន សុដាលីស និយាយថា ជាលើកទី១ដែលអ្នកនាងបានបង្ហាញខ្លួនប្រគល់អំណោយមកកាន់តំបន់ដាច់ស្រយាល ហើយបានបានជួបជាមួយនឹងក្មេងៗដោយផ្ទាល់នៅក្នុងសហគមន៍។ តំបន់ដែលអ្នកនាងបានទៅដល់នេះ មានចម្ងាយឆ្ងាយ ពីទីប្រជុំជនយ៉ាងខ្លាំង ទើបអ្នកនាងសម្ដែងក្ដីបារម្ភ ប្រសិនបើក្មេងៗបានបញ្ចប់ការសិក្សាថ្នាក់ទី៦ហើយ ហើយមិនមានលទ្ធភាព អាចទៅបន្តការសិក្សានៅទីរួមខេត្ត ដោយសារតែជីវភាព។

អ្នកនាងថាបើក្នុងតំបន់នោះ មានការអភិវឌ្ឍន៍អោយមានអនុវិទ្យាល័យ និងវិទ្យាល័យតែម្ដង នោះទើបជាការប្រសើរសម្រាប់ក្មេងៗ ដែលខ្វះលទ្ធភាពហើយមិនត្រូវការចេញឆ្ងាយពីតំបន់ដែលខ្លួនរស់នៅ។ បន្ថែមពីការប្រគល់តុកៅអី និងចែកជូននូវសម្ភារៈសិក្សា ដល់លោកគ្រូអ្នកគ្រូ និងសិស្សក្មេងៗជាង២០០នាក់ ក្រុមតារាមហាហង្ស ក៏បាននិយាយលេងធ្វើអោយក្មេងៗ បានសើច សប្បាយផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation