សម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រកាសឲ្យកម្មករ និងប្រជាពលរដ្ឋជិះរថយន្តក្រុង និងរថភ្លើងចំនួនពីរខ្សែដោយមិនបង់ថ្លៃក្នុងឱកាសភ្ជុំបិណ្ឌឆ្នាំ២០១៨នេះ

(ភ្នំពេញ)៖ ថ្លែងនៅក្នុងទិវាគ្រូបង្រៀន ៥ តុលា នេះ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី០៥ តុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ជូនប្រជាពលរដ្ឋ កម្មករកម្មការិនីរោងចក្រថា តាមការណែនាំរបស់ខ្ញុំកន្លងមកគឺសាលាក្រុងភ្នំពេញបានត្រៀមបញ្ចេញរថយន្តក្រុងចំនួន២១៥គ្រឿងសម្រាប់ដឹកកម្មករ និងប្រជាពលរដ្ឋជិះដោយមិនគិតថ្លៃ ក្នុងឱកាសភ្ជុំបិណ្ឌខាងមុខនេះទាំងទៅទាំងមក។
ក្រៅពីការរៀបចំរថយន្តក្រុង សម្តេចតេជោបានបញ្ជាក់ថា ផ្តល់ជូនកម្មករ និងប្រជាពលរដ្ឋជិះរថភ្លើងចំនួន២ខ្សែដោយមិនគិតថ្លៃផងដែរ ពីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ោយប៉ែត ចំណែកឯមួយខ្សែទៀតពីភ្នំពេញ ទៅតាកែវ កំពត និងខេត្តព្រះសីហនុ។
ជាមួយនឹងការផ្តល់ផលប្រយោជន៍ជូនដល់កម្មករនេះដែរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ប្រាក់ខែកម្មករនៅឆ្នាំ២០១៩គឺមិនទាបជាង១៨០ដុល្លារក្នុង១ខែនោះទេ។ សម្តេចតេជោបានបញ្ជាក់ថា នៅតំបន់ខ្លះនៅវៀតណាមតែ១២៥ដុល្លារទេ ឥណ្ឌូណេស៊ីតំបន់ខ្លះបានតែ១១០ដុល្លារទេ ចំណែកឥណ្ឌាវិញតែ៧៧ដុល្លារទេ។
សម្តេចតេជោបានបញ្ជាក់ថា ប្រទេសគេមួយចំនួនគេអភិវឌ្ឍន៍មុនយើង តែពេលនេះគឺប្រាក់ខែកម្មករយើងបានដើរលឿនជាងគេហើយ។
ជាមួយគ្នានេះសម្តេចតេជោបានបង្ហាញការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋថា បើទោះបីជាប្រាក់ខែឡើងច្រើនក៏ដោយក៏ប៉ុន្តែមហិច្ឆតារបស់សម្តេចគឺចង់ឲ្យបានកាន់តែច្រើន ប៉ុន្តែអាស្រ័យទៅលើស្ថានភាពសេដ្ឋកិច្ច។
សម្តេចតេជោបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចំណាយថវិកាវិនិយោគលើការវិស័យអប់រំបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល និងសុខុមាលភាពប្រជាពលរដ្ឋ។
សម្តេចតេជោបានមានប្រសាសន៍ថា សន្តិភាពរយៈពេល២០ឆ្នាំមកនេះចាប់ពីចុងឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៨តាមរយៈនយោបាយឈ្នះឈ្នះបានធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាឡើងជាបន្តបន្ទាប់៕ (អត្ថបទ៖ ហ៊ន សុភ័ក្រ, រូបភាព៖ អេង សុគុណ និង លឹម មុនី)
