ព័ត៌មានជាតិ

បន្ទាប់ពី​ផ្ទុះ​ការតវ៉ា ប៉េអឹម​ខេត្តកំពង់ស្ពឺ ១២០នាក់ ទទួលបាន​លុយ​ឧបត្ថម្ភ ការពារ​ថ្ងៃបោះឆ្នោត​ ពីលោកមេបញ្ជាការ​វិញហើយ

image

​ភ្នំពេញ៖ បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវ របស់​មន្ត្រី​អាវុធហត្ថ ខេត្តកំពង់ស្ពឺ និង​ក្រុមអធិការកិច្ច កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ចុះ​ធ្វើ​អធិការកិច្ច គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បាន​បើក​ថវិកា​ឧបត្ថម្ភ អន្តរាគមន៍​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដល់​មន្ត្រី​អាវុធហត្ថ ចំនួន​១២០​នាក់​ហើយ​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បាន​ថ្លែងថាលុយជាច្រើនលានរៀលដែលលោក ជូ សារុន ប្រុងស៊ីតែមិនដាច់បែកធ្លាយដល់ក្រុមអ្នកសារព័ត៌មានប្រចាំខេត្តកំពង់ស្ពឺជាច្រើនអង្គភាពហើយរិះគន់ជ្រាបដល់ថ្នាក់លើនោះ។​


​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន បាន​រង​ការចោទប្រកាន់ ពី​មន្ត្រី​នៅក្រោម​ឱវាទ ពាក់ព័ន្ធ​ការ​ស៊ីដាច់​អង្ករ​ឧបត្ថម្ភ និង​ស៊ីដាច់​លុយ​ការពារ ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ រួមទាំង​ភាពមិនប្រក្រតី មួយចំនួនទៀត​ថែមទៀតផងនោះ។​


​ដោយសារតែ​ផ្ទុះ​រឿងអាស្រូវជ្រាបដល់ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេសនោះក៏ បាន​បញ្ជា​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ឹម ហុង ដឹកនាំ​គណៈកម្មការ​ចំពោះ​កិច្ច ចុះ​ធ្វើ​អធិការកិច្ច ចំពោះ​ករណីនេះ កាលពី​ថ្ងៃទី​០២ និង​ថ្ងៃទី​០៣រហូតដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ​២០១៨​នេះហើយមិនទាន់ដឹងថាទទួលលិទ្ធិផលបែបណានោះទេ។


បើតាម​ប្រភពពី​មន្ត្រីជាន់ខ្ពស់​ដដែល បាន​បញ្ជាក់ថា អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​បើក​ថវិកា​ឧបត្ថម្ភ​អន្តរាគមន៍ សម្រាប់​ការការពារ ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដល់​មន្ត្រី​អាវុធហត្ថ​ចំនួន​១២០​នាក់ ដោយ​ក្នុង​ម្នា​ក់បាន ១០៥.០០០​រៀល និង​ថវិកា​ឧបត្ថម្ភ សម្រាប់​ការការពារ ការបោះឆ្នោត​ជ្រើសតាំង​ សមាជិក​ព្រឹទ្ធសភា ក្នុង​ម្នាក់ ៧០.០០០ រៀល សរុប​ទាំងអស់ ១៧៥.០០០ រៀល ហើយ​ការបើក​ថវិកា​ឧបត្ថម្ភ​នេះ គឺ​ចាប់ពី​ថ្ងៃទី០៤ ខែតុលា រហូតដល់​ថ្ងៃទី០៨ ខែតុលា ឆ្នាំ​២០១៨​ដោយលោកជូ សារុន ស៊ីមិនទាន់ដាច់បន្ទាប់ពីព័ត៌មាននេះត្រូវបានផ្សព្វផ្សាយ។


​ចំណែក​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺដែលទើបតែ បានទទួលក្រោយបែកធ្លាយរឿងនេះក៏បាន ​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ដែល​បាន​ជួយ​អន្តរាគមន៍ ក្នុង​រឿងនេះ រហូត​ពួកគាត់​ទទួលបាន​ថវិកា ឧបត្ថម្ភ​អន្តរាគមន៍ ការការពារ​ក្នុងអំឡុងថ្ងៃបោះឆ្នោត​។​


​រីឯ​គណៈកម្មការ​ចំពោះ​កិច្ច ដែល​ចុះ​ធ្វើ​អធិការកិច្ច នៅ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដែល​ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេស​នី​យ៍​ត្រី ស៊ឹម ហុង គឺ​នៅ​មិនទាន់​បង្ហាញ លទ្ធផល​នៅឡើយ​ទេ​ប្រើរយៈពេល០៤ថ្ងៃមកហើយនោះ ខណៈដែលកាលពីថ្ងៃទី០២ ខែតុលាជាថ្ងៃដំបូងនោះមន្ត្រីតូចតាចអោយចូលនិងបញ្ជាការរងមូលដ្ឋានតាមបណ្តាលស្រុកមួយចំនួន ស្រាប់តែថ្ងៃបន្ទាប់មកទៀតគេអោយចូលត្រឹមតែមេបញ្ជាការមូលដ្ឋានក្រុង ស្រុក ប្រធានមន្ទីរ នាយការិយាល័យប៉ុណ្ណោះទេ។​


​គួររំលឹកផងដែលថាកាលពីពេលកន្លងទៅបានបែកធ្លាយព័ត៌មានថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាន​ស៊ីដាច់​អង្ករ​ឧបត្ថម្ភ​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី តំណាងរាស្ត្រ មណ្ឌល​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​ផ្តល់ជូនកម្លាំងកងរាជ ​អាវុធហត្ថ​ខេត្តកន្លងទៅនិងថែមទាំងស៊ីដាច់​លុយ​ការពារ ការ​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៦លុយរាប់លានរៀលថែមទៀតផង ទើបបែកធ្លាយដឹងដល់ក្រុមអ្នកសារព័ត៌មានប្រចាំខេត្តកំពង់ស្ពឺ ហើយបន្ទាប់ពីបែកធ្លាយមន្ត្រីអោបដៃអោបជើង(អាម៉ី អាថោង)មួយក្តាប់តូចនិយាយថាវាជារឿងរបស់មេបញ្ជាការជាអ្នកសម្រេច មិនបាច់សួរយោបល់អ្នកណាក៏បានដែរ​។


​ប្រភព​ដដែល បាន​បន្តថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន បានឱ្យ​មនុស្ស​ជំនិត​របស់ខ្លួន ដើរ​ប្រមូលលុយនិង​គាបសង្កត់​អ្នករកស៊ី ដោយ​ក្នុងនោះ​ឱ្យ លោក​វរសេនីយ៍ទោ លឹម ឧសភា ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ឈើ និង​ទំនិញផ្សេងៗ នៅ​ផ្លូវជាតិ​លេខ​៤​ ស្ទើរតែទូរទាំងខេត្តតែម្តងសូម្បីតែរ៉ឺម៉កដឹកធ្យូងក៏មិនអោយរំលងដែរ ចុះទំរាំអ្នករកស៊ីឈើឈ្មោះណុប ឌីហៅឆើត ជើងខ្លាំងប្រចាំខេត្តចំនួន៣ក្នុងមួយខែៗមិនតិចជាង៣០០០ដុល្លារនោះទេ។ ចំណែក​លោក​វរសេនីយ៍ទោ គង់ វាសនា រហ័សនាមហៅ មហាមេឃវិញដើរ ប្រមូល​លុយ​ផ្លូវជាតិ​លេខ​៥ស្រុកឧដុង្គ ស្រុកថ្ពងដែលសំបូរបទល្មើសនោះ ដោយ​ដេញចាប់​ឡាន នៅ​ស្នាក់ការ​អាវុធហត្ថ ៥៥១ នៅ​ស្រុក​ឧដុង្គ​ មហាមេឃទៅហើយគ្រាន់តែឮឈ្មោះក៏គេខ្លាចដែរ។​


កន្លងមកពាក់ពន្ធ័និងករណី​ខាងលើនេះដែល លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បាន​បដិសេធថា លោក​មិនបាន​ប្រព្រឹត្ត ដូច​ការចោទប្រកាន់​នោះទេ។

ទោះយ៉ាងនេះក្តីមន្ត្រីអាវុធហត្ថជាច្រើនសប្បាយចិត្តខ្លាំងក្នុងការដែលថ្នាក់លើចុះមកធ្វើអធិកិច្ចលោកមេបញ្ជាការជូ សារុននេះណាស់ ប៉ុន្តែក៏មានមន្ត្រីមួយក្តាប់តូច មិនសប្បាយចិត្តនោះទេក៏ព្រោះតែប្រសិនបើថ្នាក់លើរកឃើញនូវកំហុសរបស់លោកជូ សារុនមែននោះពួកគេក៏លែងមានឥទ្ធិពលដែរ​៕ (សុភា)