ព័ត៌មានអន្តរជាតិ

ពលរដ្ឋជប៉ុន៦នាក់ដាក់ពាក្យប្តឹងជុំវិញការរំភាយវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វុគុស៊ីម៉ា បង្កឱ្យកើតជំងឺមហារីកពោះវៀន

image


ជប៉ុន៖ អ្នកស្រុកវ័យក្មេងចំនួន៦នាក់ដែលមានអាយុចន្លោះចាប់ពី១៧ឆ្នំាទី២៧ឆ្នំា ដែលរស់នៅក្នុងដែនដីហ្វុគុស៊ីម៉ាជាកន្លែងដែលរោងចក្រថាមពលនុយក្លេអ៊ែររំភាយចេញនូវវិទ្យុសកម្មដោយសារតែការរញ្ជួយដីដ៏ខ្លំាងក្លាមួយកាលពីថ្ងៃទី១១ខែមីនា ឆ្នំា២០១១នោះ ពួកគេបានដាក់ពាក្យប្តឹងក្រុមហ៊ុនប្រតិបត្តិករនៃរោងចក្រថាមពលនុយក្លេអ៊ែរហ្វុគុស៊ីម៉ា(Fukushima)។

ការប្តឹងនេះបានកើតមានឡើងបន្ទាប់ពីគេបានពិនិត្យរកឃើញថា ចំហាយវិទ្យុសកម្មដែលភាយចេញពីរោងចក្រថាមពលនុយក្លេអ៊ែរនោះ បានវិវត្តទៅកាន់ជំងឺមហារីកពោះវៀន បង្កឱ្យប៉ះពាល់ដល់ក្រុមយុវជនជនជាតិជប៉ុនទំាង៦នាក់។

បើយោងតាមក្រុមមេធាវីឈានមុខរបស់យុវជនកេណេឈិអាយដូបានថ្លែងប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP ថា ពាក្យបណ្តឹងត្រូវបានគេដាក់នៅរសៀលថ្ងៃព្រហស្បតិ៍នេះហើយ ប្រឆំាងទៅនឹងក្រុមហ៊ុនប្រតិបត្តិករថាមពលអគ្គិសនីតូក្យូឬហៅកាត់ថា (TEPCO)ក្នុងគោលដៅដើម្បីស្វែងរកសងជំងឺចិត្តមានទឹកប្រាក់ប្រមាណជា ៦១៦លានយ៉េន (៥.៤លានដុល្លារអាម៉េរិក)។

ទោះបីជាយ៉ាងនេះក្តី ក៏ពុំទាន់មានក្រុមអ្នកជំនាញការត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលថ្នាក់តំបន់ដើម្បីសិក្សាមើលលំអិតថា តើពិតជាមានការវិវត្តឈានទៅរកជំងឺមហារីកពោះវៀនដែរឬយ៉ាងណា ដោយសារតែការរំភាយវិទ្យុសកម្ម ព្រោះថា ពេលនេះពុំទាន់ឃើញមានអន្តរកម្មរវាងវិទ្យុសកម្មដែលភាយចេញពីគ្រោះមហន្តរាយនេះនៅឡើយទេ។

កាលពីឆ្នំាមុន អង្គការសហប្រជាជាតិបានបោះពុម្ពផ្សាយនូវរបាយការណ៍ដោយសន្និដ្ឋានថា គ្រោះមហន្តរាយនៅឯហ្វុគុស៊ីម៉ាមិនទាន់រកឃើញសញ្ញាណគ្រោះថ្នាក់ដោយផ្ទាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នៅឡើយទេ ចាប់តំាងពីមានការគ្រោះមហន្តរាយនោះមក។

គួររំលឹកផងដែរថា គ្រោះមហន្តរាយកាលពីឆ្នំា២០១១ ដែលកើតមានឡើងនៅក្នុងតំបន់ភាគឦសានប្រទេសជប៉ុន បានបង្កឱ្យស្លាប់និងបាត់ខ្លួនមនុស្សចំនួន១៨,៥០០នាក់ ក្នុងនោះភាគច្រើនស្លាប់ដោយសារតែរលកយក្សស៊ូណាមិ ដែលជាហេតុនំាឱ្យរលំបាក់ដល់រោងចក្រថាមពលនុយក្លេអ៊ែរហ្វុគូស៊ីម៉ា ។ កាលណោះអ្នកស្រុករាប់ពាន់ម៉ឺននាក់ ត្រូវគេជន្លៀសចេញជាបន្ទាន់ពីតំបន់កើតហេតុ៕
ប្រែសម្រួល៖ ប្រាក់ សម្ជស្ស
ប្រភព៖ AFP