ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រាប់មន្ត្រីមូលដ្ឋានគ្រប់ក្រុង-ស្រុក ត្រូវចុះជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយគ្រប់បញ្ហាជូនប្រជាពលរដ្ឋ

image

ត្បូងឃ្មុំ៖ ក្នុងនាមក្រុមការងារចុះមូលដ្ឋានតាមបណ្តា ខេត្ត ក្រុង ស្រុក ត្រូវមានវត្តមាននៅមូលដ្ឋានពិតប្រាកដ ដែលជាការផ្តល់ភាពកក់ក្តៅ និងដើម្បីពិគ្រោះសុំយោបល់ ពីសំណាក់អ្នកនៅមូលដ្ឋាន ពោលគឺ បន្តអភិវឌ្ឍន៍ និងគាំទ្រយន្តការដ៏ល្អរបស់សម្តេចតេជោ ហ៊ុន សែន តែដាច់ខាតមែនមិនចុះដើម្បីបន្ថែមបន្ទុកបញ្ហាដល់មូលដ្ឋាន ដើម្បីបានលាភសក្ការៈណាមួយសម្រាប់ខ្លួននោះឡើយ។ នេះជាការលើកឡើងដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

ការលើកឡើងដូចនេះដោយ លោក ជា សុផារ៉ា បានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅសាលាខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។ លោកបានលើកឡើងថា ក្នុងឆ្នាំកន្លងមកនេះក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវលើការងារផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋានបានយ៉ាងល្អ និងចំគោលដៅ ទាំងការងារដោះបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ និងការស្តារ កសាងនូវហេដ្ឋារចនាសម្ព័ននៅមូលដ្ឋាន ជាដើម។

ក្រៅពីនេះក៏បានក្រើនរំលឹកដល់លោកមេភូមិ មេឃុំ អភិបាលក្រុង ស្រុក ត្រូវសហការជាមួយកងកម្លាំងទាំង៣ ឱ្យទៅជាកម្លាំងប្រមូលផ្តុំតែមួយ ពោលគឺ រៀបកម្លាំងខាងក្នុងបានល្អ ចេញទៅខាងក្រៅនឹងជោគជ័យ ដោយយកចិត្តទុកដាក់បម្រើសេវាសាធារណៈ បំពេញតាមបំណងប្រាថ្នាជូនប្រជាពលរដ្ឋតាមគោលដៅឱ្យខានតែបាន និងមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះក៏បានជំរុញឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅចូលរួមដោះស្រាយបញ្ហាប្រឈម សំណូមពរ និងគាំទ្រជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ផងដែរថា សមិទ្ធិផល និងលទ្ធផលជាច្រើនដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រួមទាំងអាជ្ញាធរមូលដ្ឋានក្នុងខេត្តត្បូងឃ្មុំ សម្រេចបានសុទ្ធសឹងផ្តើមចេញពីកត្តាសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងដោយមានការជ្រោមជ្រែងគ្រប់បែបយ៉ាងពី លោក ជា សុផារ៉ា និងថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំទាំងអស់។

ទន្ទឹមនឹងនេះ លោកនឹងបន្តខិតខំដោះស្រាយនូវរាល់បញ្ហាប្រឈម សំណូមពរ និងសំណើនានារបស់ពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅកែលម្អ លើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងជាលំដាប់៕

ដោយ៖ ជឹង សេងឡុង