ព័ត៌មានជាតិ

កសិករដាំបន្លែនៅខេត្តមណ្ឌលគិរី កំពុងត្រៀមដាំដុះបន្លែរួមផ្សំឡើងវិញ ក្រោយរដូវវស្សា

image

មណ្ឌលគិរី៖កសិករដាំបន្លែនៅខេត្តមណ្ឌលគិរីបាននិងកំពុងត្រៀមដាំដុះបន្លែរួមផ្សំគ្រប់មុខឡើងវិញ ក្រោយសង្កេតឃើញថា អាកាសធាតុហាក់អំណោយផលជាថ្មីដល់ការដាំបន្លែ ព្រោះរដូវវស្សាជិតផុត ដែលជាឱកាសរបស់កសិករសម្រុកដាំបន្លែ គ្រប់ប្រភេទ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន ។

កសិករដាំបន្លែក្នុងទំហំដីកន្លះហិកតា នៅចំណុចមាត់បឹងទំនប់ក្រោម ក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែន មនោរម្យ ឈ្មោះ លោក ខ្លូត ថេង បានរៀបរាប់ថា ចាប់តាំងពីអំឡុងចុងខែកញ្ញា គ្រាដែលភ្លៀងមិនសូវធ្លាក់ជោគជាំ លោកបានរុះរើដំណាំបន្លែ ប្រភេទទ្រើង ហើយដាំបន្លែផ្ទាល់ដីឡើងវិញ ព្រោះផ្អែកតាមអាកាសធាតុក្រោយដាច់ទឹកភ្លៀងនិងធ្លាក់ខ្យល់ បន្លែប្រភេទទ្រើង តោងឡើងគឺលូតលាស់មិនសូវល្អទេ តែអំណោយផលសម្រាប់បន្លែដាំផ្ទាល់ដី ។ លោកថា ក្នុងរដូវវស្សាកសិករដាំបន្លែគឺមានបញ្ហា ប្រឈមខ្លាំងណាស់ គ្រាដែលភ្លៀងបានបង្អុរធ្លាក់ជោកជាំធ្វើឲ្យបន្លែរបស់គាត់ររលួយ ហុចផលមិនបានច្រើន ឬមិនអាចដាំបាន តែម្ដង គឺអាចដាំបានតែប្រភេទបន្លែទ្រើងខ្លះៗតែប៉ុណ្ណោះ ដែលធ្វើប្រជាកសិករដាំបន្លែដូចជារូបលោក អ្នកដាំបន្លែឯទៀត មានចំណូលបានធ្លាក់ចុះច្រើននៅក្នុងរដូវវស្សា ។


កសិករខាងលើបន្ថែមថា នៅខែវិច្ឆិកាខាងមុខនេះ បើមិនមានភ្លៀងធ្លាក់ទៀតនោះ លោកនឹងពង្រីកការដាំដុះ បន្លែរួមផ្សំឡើងវិញ ពេញផ្ទៃដីកន្លះហិកតាតែម្ដង ដើម្បីអាចផ្គត់ផ្គង់ជាមួយការបញ្ជាទិញបាន ព្រោះបច្ចុប្បន្នទីផ្សារបន្លែ ធម្មជាតិខេត្តមណ្ឌលគិរី គឺមានតម្រូវការខ្ពស់ខ្លាំងណាស់ ដែលកសិករមិនអាចផលិតគ្រប់នោះទេ ។ លោក ខ្លូត ថេង រម្លឹកថា នៅអំឡុងរដូវបាំ្រងដែល អំណោយផលសម្រាប់ការបង្កបង្កើនផលបន្លែនោះ គិតតែស្ពៃក្ដោបក្នុងថ្ងៃខ្លះលោកអាច ប្រមូលផលនិងលក់ចេញបាន ជាង២០០គីឡូឯណោះក្នុង០១ថ្ងៃ ដែលជាមធ្យមលោកអាចទទួលបានចំណូលចន្លោះពី ៥០ទៅ៦០ម៉ឺនរៀល ប៉ុន្តែក្នុងរដូវវស្សាវិញ គឺបានចំណូលតែ៥ទៅ១០ម៉ឺនរៀលប៉ុណ្ណោះ ក្នុង១ថ្ងៃ ស្ទើតែមិនគ្រប់ជាមួយការចំណាយសម្រាប់ថែទាំនោះទេ ។ កសិករដដែលបញ្ជាក់ថា ក្នុងរដូវបង្កបង្កើនផលបន្លែឆ្នាំនេះ លោកនឹងដាំបន្លែច្រើនប្រភេទ ប៉ុន្តែផ្ដោតលើការដាំដុះ ប្រភេទបន្លែស្ពៃក្ដោបច្រើន ព្រោះស្ពៃក្ដោបបច្ចុប្បន្នគឺមានទីផ្សារល្អជាងបន្លែដទៃ និងអាចបោះឲ្យម៉ូយបានតម្លៃ៥ពាន់រៀល ឯណោះក្នុង១គីឡូក្រាម ។


លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីបានឲ្យដឹងដែរថា នៅរដូវបង្កបង្កើនផលបន្លែឆ្នាំនេះ ឃើញថា កសិករបានត្រៀមការដាំដុះបន្លែទ្វេរគុណបើធៀបនឹងឆ្នាំមុន ដើម្បីអាចផ្គត់ផ្គង់បន្លែតាមការកម្មង់ទិញរបស់ឈ្មួញ ប៉ុន្តែកសិករនៅខេត្តមណ្ឌលគិរី នៅតែមិនអាចផលិតបន្លែឲ្យគ្រប់តាមតម្រូវការបញ្ជាទិញនោះទេ ព្រោះតម្រូវវាច្រើនលើសពី សមត្ថភាពដែលកសិករផលិតបាន ។ (អត្ថបទ នាង ចាន់ថាុ, រូបភាព៖ ប៊ុត សុភ័ក្រ)