សម្តេចតេជោ ថ្វាយព្រះពរ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃចន្ទទី១៤ ខែឧសភា ឆ្នាំ២០១៨ បានបង្ហាញរូបភាព ដែលសម្តេច និងក្រុមការងារជាន់ខ្ពស់ អញ្ជើញបង្គំគាល់ និងគោរពបរមរាជានុញ្ញាតិ ថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់៦៥ យាងចូល៦៦ ព្រះវស្សា។
តាមរយៈបណ្តាញសង្គមហ្វេសបុក សម្តេចតេជោ មានប្រសាសន៍ថា នៅក្នុងឱកាស ដ៏ឧត្តុង្គឧត្តមភិរម្យថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់៦៥ យាងចូល៦៦ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃ១៤រោច ខែពិសាខ ដល់ថ្ងៃ១កើត ខែជេស្ឋ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទីទី១៣ ដល់ ១៥ ខែឧសភា ឆ្នាំ ២០១៨នេះ ទូលព្រះបង្គុំខ្ញុំព្រះករុណា និងភរិយា សូមព្រះបរមរាជានុញ្ញាត ថ្វាយព្រះពរ សូមព្រះអង្គទ្រង់ មានព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ និងសូមបួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិ ទាំងអស់ក្នុងលោក និងទេវតារក្សា ព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាមមហោទរាទេវី សូមព្រះអង្គមេត្តាប្រោសប្រទាន នូវព្រះរាជសព្ទសាធុការពរថ្វាយ ព្រះករុណាជាអម្ចាស់ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទ្រង់ប្រកបដោយ ព្រះពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងដើម្បីគង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រទូទាំងប្រទេស ជានិច្ចនិរន្តន៍ តរៀងទៅ៕