ព័ត៌មានជាតិ

ឈុត«ព្រះរាជាណាចក្រអច្ឆរិយៈ» គឺជាឈុតដែលបវរកញ្ញាកម្ពុជាត្រៀមគ្រងក្នុងការប្រកួតបវរកញ្ញាចក្រក្រវាឡឆ្នាំ២០១៨

image

កញ្ញារឿន ណាតដែលជាបវរកញ្ញាកម្ពុជានឹងចូលរូមប្រកួតបវរកញ្ញាចក្រក្រវាឡ២០១៨ នៅប្រទេសថៃ។ កញ្ញានឹងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី២៩ វិច្ឆិកានេះដើម្បីចូលរូមហាត់សម្តែងនិងត្រៀមប្រកូតនៅខែធ្នូខាងមុខនេះ។

ឆ្នាំនេះមានបវរកញ្ញាមកពីប្រមាណ៩៥ប្រទេសនឹងចូលរួមប្រកូតបង្អួតសម្រស់និងសមត្ថភាពក្នុងព្រឹត្តិការណ៍ប្រកួតបវរកញ្ញាចក្រក្រវាឡឆ្នាំ២០១៨។
កញ្ញារឿន ណាតបានត្រៀមលក្ខណៈជាច្រើន ទាំងការហាត់ដើរម៉ូត វឹកហាត់កិរិយាមាយាទ និងរៀនសូត្រអំពីវប្បធម៌ទូទៅជាច្រើន រួមទាំងការវឹកហាត់ភាសាអង់គ្លេសជាដើម។

រីឯឈុតតំណាងជាតិដែលបវរកញ្ញាកម្ពុជាត្រៀមយកទៅចូលរួមប្រកួត នោះមានឈ្មោះថា «ព្រះរាជាណាចក្រអច្ឆរិយៈ» ដែលសំរិតសំរាំងនៅក្បាច់រចនាបែបខ្មែរ ដើម្បីយកទៅបង្ហាញក្នុងការប្រកួតលំដាប់ថ្នាក់អន្តរជាតិនេះ។
បើតាមលោក ម៉ែន និមលរតន៍ អ្នកចាត់ការទូទៅបវរកញ្ញាកម្ពុជាបានអោយដឹងថា ឈុត«ព្រះរាជាណាចក្រអច្ឆរិយៈ»យកតាមលំនាំព្រះនាងលីវយីដែលជាស្តេចស្រីដំបូងបង្កើតដែនដីកម្ពុជា និងមានរឿងដំណាលព្រះនាងជាបុត្រីនាគផង ទើបឈុត«ព្រះរាជាណាចក្រអច្ឆរិយៈ»នេះ រចនាបែបនាគរាជ។

មង្គត់គឺជា នាគក្បាល៧ ដាំត្បូង និងពណ៌មាសយ៉ាងស្រស់ស្អាត។ ចំណែកឯសំពត់វិញមានពណ៌បៃតងដែលតំណាងអោយស្រកានិងខ្លួននាគរាជ។ក្រៅពីគ្រងឈុតនាគីនេះហើយ បវរកញ្ញាកម្ពុជាក៏ភ្ជាប់នៅផែនទីប្រទេសកម្ពុជានៅខាងក្រោយរំលេចដោយប្រាសាទអង្គរវត្តដែលតំណាងអោយដែនដីសុវណ្ណភូមិ ហើយមានសម្បត្តិបេតិកភណ្ឌពិភពលោកប្រាសាទអង្គរវត្តដែលត្រូវបានគេស្គាល់ជាសកល។

នៅដៃសងខាងរបស់បវរកញ្ញាកម្ពុជាក៏មានទង់ជាតិនៃប្រទេសកម្ពុជាដែលបញ្ជាក់អំពីអត្តសញ្ញាណរបស់ខ្មែរ។ឈុត«ព្រះរាជាណាចក្រអច្ឆរិយៈ»នេះ នឹងគ្រងក្នុងវគ្គឈុតតំណាងជាតិ ដែលបវរកញ្ញាទាំង៩៥ប្រទេសនឹងបង្ហាញនូវឈុតប្រចាំជាតិរៀងៗខ្លួន។
សូមជម្រាបជូនថា ឆ្នាំ២០១៨នេះគឺជាលើកទី២ហើយដែលកម្ពុជាបញ្ជូនបវរកញ្ញារបស់ខ្លួនចូលរូមប្រកូតកម្មវិធីថ្នាក់សកលដ៏ធំនេះ។

បវរកញ្ញាដែលឈ្នះនិងគ្រងមង្គត់ពីកម្មវិធីគឺបញ្ជាក់អំពីសម្រស់ឯករបស់ស្រ្តីក្នុងប្រទេសនោះរូមជាមួយសមត្ថភាពដ៏ពូកែទើបយកឈ្នះបវរកញ្ញាមកពីបណ្តាប្រទេសផ្សេងៗ។ក្រៅពីផ្តល់មង្គត់ដល់បវរកញ្ញាដែលគ្រងតំណែង កម្មវិធីក៏មានពានរង្វាន់ផ្សេងទៀត ដូចជាពានប្រជាប្រិយភាព ព្រមទាំងពានរង្វាន់ឈុតតំណាងជាតិដែលលេចធ្លោជាដើមដល់បវរកញ្ញាផ្សេងៗ។កម្មវិធីប្រកួតបវរកញ្ញាចក្រក្រវាឡតែងតែធ្វើជារៀងរាល់ចុងឆ្នាំ ពោលគឺខែធ្នូ ដើម្បីប្រកួតសម្រស់និងទេពកោសល្យរបស់ស្ត្រីដែលជាតំណាងជាតិពីជុំវិញពិភពលោក។ (អត្ថបទ សំ ច័ន្ទម៉ាលីនី)