ព័ត៌មានជាតិ

ការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីយូដូកម្ពុជា រីកចម្រើនគួរឲ្យកត់សម្គាល់ ត្រៀមឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣

image


អត្ថបទ៖​ វឿន សាវុធ
​ភ្នំពេញ៖ អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងថា ការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីយូដូកម្ពុជា រីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងបច្ចេកទេសប្រកួត និងសតិអារម្មណ៍ ក្រោយទទួលបានការហ្វឹកហាត់អស់រយៈពេល០៣ខែ ចាប់ពីខែធ្នូដល់ ខែមីនា ក្រោមកិច្ចឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការលើកឡើងនេះរបស់លោក Otaro Ogawa អតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាក្រុមការងារគាំទ្រកីឡាយូដូនៅកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសមលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងរាយការណ៍អំពីវឌ្ឍនភាពរបស់កីឡាករ-កីឡាការិនីយូដូកម្ពុជាចំនួន ០៦រូប (ស្រី០៤រូប) ដែលបានទៅហ្វឹកហាត់នៅប្រទេសជប៉ុន ដើម្បីត្រៀមឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ លោក Ogawa និងរាជរដ្ឋាភិបាលជប៉ុនដែលបានជួយសម្របសម្រួលដល់ការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីយូដូកម្ពុជា ទទួលបានការរីកចម្រើនដើម្បីត្រៀមខ្លួនក្នុងការប្រកួតដណ្តើមមេដាយជូនជាតិក្នុងព្រឹត្តការណ៍ស៊ីហ្គេមនាពេលខាងមុខ។

លោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី   ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុនដែលកន្លងទៅបានរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការឧបត្ថម្ភទាំងសម្ភារ និងគ្រូយូដូ ហើយលោកក៏បានជំរុញឲ្យខាងភាគីជប៉ុនបន្តការគាំទ្រដើម្បីបង្កើនប្រជាប្រិយភាពកីឡាយូដូ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជនក្នុងគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន៕