តំណាងប្រធានកាកបាទក្រហមកម្ពុជាបំពេញសកម្មភាពមនុស្សធម៌ ច្រើនថ្ងៃជាប់ៗគ្នា ដើម្បីជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅរតនគិរី
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ នៅក្នុងខេត្តរតនគិរីដោយមានភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឲ្យទឹកទន្លេស្រពកបានហក់ឡើងយ៉ាងគំហុក។

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ទន្លេនេះចំនួន២ស្រុក គឺស្រុកលំផាត់និងស្រុកកូនមុំ បានរងផលប៉ះពាល់ដោយសារជំនន់នេះ ដោយទឹកបានចាប់ជន់លិចភូមិករស្រែចម្ការរបស់អ្នកស្រុកទាំងពីរយ៉ាងលឿនកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ធ្វើ ឲ្យប្រជាពលរដ្ឋត្រូវបង្ខំចិត្តជម្លៀសទៅរកទីទួលសុវត្ថិភាព។ 

តបទៅនឹងគ្រោះមហន្តរាយបន្ទាន់នេះ សម្តេចកិត្តិព្រឹទ្ធបណ្ធឹត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានចាត់បញ្ជូន ឯកឧត្តម វេជ្ជបណ្ឌិត
អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រង់គ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល រួមនឹងអំណោយរបស់សាខាកាកបាទក្រហមខេត្តរតនគិរីចុះចែកជូនបឋមដល់ប្រជាពលរដ្ឋដែលរងគ្រោះដើម្បីសម្រួលដល់ ការលំបាកបណ្តោះអាសន្នជូនដល់ពួកគាត់ខណៈដែលរស់នៅលើទទួលសុវត្ថិភាព។

ជាក់ស្តែងកាកបាទក្រហមកម្ពុជានិងសាខាកាកបាទក្រហមខេត្តរនគិរីដឹកនាំដោយឯកឧត្តម វេជ្ជបណ្ឌិត អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តនិងសមាជិកសមាជិការគណៈកម្មាធិការសាខា-អនុសាខា យុវជនស្ម័គ្រចិត្តកាកបាទក្រហម បានចុះសួរសុខទុក្ខនិងផ្តល់អំណោយមនុស្សធម៌មានជាអាទិ៍៖

-នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩បានចុះសួរសុខទុក្ខនិងផ្តល់អំណោយជូនប្រជាពលរដ្ឋនៅលើទីទួលសុវត្ថិ
ភាពសាលាស្រុកលំផាត់ ឋិតក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ចំនួន២០០គ្រួសារ ក្នុង១គ្រួសារទទួលបាន មី១កេស ត្រីខ១យួរនិងឃីត១កញ្ចប់ក្នុងនោះមានមុង១ភួយ១និងសារុង១។

-នៅរសៀលថ្ងៃទី១០ ខែសីហា បានចុះសួរសុខទុក្ខនិងផ្តល់អំណោយមនុស្សធម៌ដល់បងប្អូនខ្មែរអ៊ិស្លាមនៅភូមិលំផាត់ឃុំជ័យឧត្តម ស្រុកលំផាត់ចំនួន១៦
គ្រួសារ។

-នៅព្រឹកថ្ងៃទី១១ ខែសីហា ប្រជាពលរដ្ឋនៅភូមិដីឡូត៍ឃុំជ័យឧត្តមចំនួន៨១គ្រួសារនិង៥០គ្រួសារនៅភូមិស្រែពកតូចឃុំសិរីមង្គលស្រុកកូនមុំក៏បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាផងដែរ។ ហើយនៅរសៀលថ្ងៃទី១១ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម វេជ្ជបណ្ឌិត អ៊ុយ សំអាត រួមនឹង
សមាជិកសមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តរតនគិរីក៏បានប្រគល់សម្ភារនិងគ្រឿងឧបភោគ បរិភោគ ដល់អនុសាខាកាកបាទក្រហមស្រុកកូនមុំដើម្បីយកទៅបន្តចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន៣០០គ្រួសារបន្ថែមទៀត។

បន្ទាប់ទឹកជំនន់បានស្រកទៅវិញហើយនោះ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម វេជ្ជ បណ្ឌិត
អ៊ុយ សំអាត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមនឹងសមាជិក សមាជិកាគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត រតនគិរីបានចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងឃុំសិរីមង្គល និងឃុំស្រែអង្រ្គង នៅសាលាបឋមសិក្សា ស្រែពកតូចឋិតក្នុងឃុំសិរីមង្គល ស្រុកលំផាត់ ចំនួន៦០០គ្រួសារ។


នៅពេលរសៀលថ្ងៃទី១២ ខែសីហា ក៏បានបន្តដំណើរនាំយកអំណោយមនុស្ស ធម៌ ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេស្រែពកនៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ចំនួន១៧៥គ្រួសារបន្ថែមទៀត។ អំណោយដែលបានចែកជូននៅស្រុកកូនមុំ៦០០គ្រួសារ និងនៅ ស្រុកលំផាត់១៧៥គ្រួសារ គឺក្នុង១គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ ១យួរ មុង១,ភួយ១,សារ៉ុង១និងប៊ីដុងទឹកចំណុះ៣០លីត្រចំនួន១ប៊ីដុង។

នៅគ្រប់ទីកន្លែងដែលបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានិងអំណោយរបស់សាខាកាកបាទក្រហមខេត្តរតនគិរីចែកជូនជនរងគ្រោះនៅគ្រប់ទីតាំង ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត បានមានប្រសាសន៍សំណេះសំណាល និងនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ ជាក់ស្តែងដូចជា ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នាពេលនេះ ដោយអំណោយរបស់់កាកបាទក្រហមចែកជូនមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។

ឯកឧត្តម វេជ្ជបណ្ឌិត អ៊ុយ សំអាត បានបន្តទៀតថា នារដូវស្សានេះសូមឲ្យបងប្អូនយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ រស់នៅប្រកបដោយអនាម័យ ត្រូវប្រកាន់ភ្ជាប់នូវ ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្កបង្កើនផលឡើងវិញនៅពេលទឹកស្រកដើម្បីទ្រទ្រង់ជីវភាពគ្រួសារឲ្យបានល្អប្រសើរឡើង។

ក្នុងឱកាសនៃទឹកជំនន់ទន្លេស្រែពករយៈពេល ៤គឺចាប់តាំងពីថ្ងៃទី ៩ ដល់ទី១២ខែសីហាឆ្នាំ ២០១៩កន្លងមកនេះ ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីនិងយុវ ជនស្ម័គ្រចិត្តក៏បានចូលរួមយ៉ាងសស្រាក់សស្រាំផងដែរ ក្នុងការជួយសាងសង់ជម្រកស្នាក់នៅបណ្ដោះអាសន្នជូនប្រជាពលរដ្ឋនៅលើទីទួលសុវត្ថិភាពបាចំនួន២៣២គ្រួសារ។


សូមបញ្ជាក់ថា សរុបគ្រួសាររងផលប៉ះពាល់ដោយទឹកជំនន់ទន្លេស្រែពកបានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជានិងសាខាកាកបាទក្រហមខេត្តរតនគិរីចំនួន១៤២២គ្រួសារក្នុងនោះអំណោយសាខាកាកបាទក្រហមចែកជូន៩០០គ្រួសារ៕
ដោយ៖ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation