ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ប្ដេជ្ញាលុបបំបាត់អំពើជួញដូរមនុស្យនៅកម្ពុជា

image

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានប្ដេជ្ញាចិត្ត ធ្វើសកម្មភាពរួមគ្នាដើម្បីឲ្យយល់ដឹង អំពើជួញដូរមនុស្ស ផលប៉ះពាល់ ល្បិចកលជនល្មើស និងនាំគ្នាលុបបំបាត់ទាសភាពសម័យទំនើបនេះ ឲ្យអស់ពីប្រទេសកម្ពុជា។

ក្នុងពិធីវេទិកាជាតិ អន្តរសាសនានៅកម្ពុជាលើកទី៣ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ជនល្មើសបានប្រព្រឹត្តទៅលើជនរងគ្រោះជាមនុស្សគ្រប់វ័យ ឥតរើសមុខ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ បាត់បង់សិទ្ធិជាមនុស្ស បាត់បង់សេចក្តីសុខក្នុងគ្រួសារ ខូចខាតដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ រហូតដល់បាត់បង់អាយុជីវិតរៀងរាល់ថ្ងៃ យ៉ាងអាណោចអាធ័ម។

សម្ដេចមានប្រសាសន៍ថា “យើងទាំងអស់គ្នាប្ដេជ្ញាចិត្តធ្វើសកម្មភាពរួមគ្នា និងបន្តពង្រីកការផ្សព្វផ្សាយតាមរយៈការអប់រំតាមបែបសាសនា ដល់សាសនិកគ្រប់និកាយសាសនាទាំងអស់ ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បី ឲ្យយល់ដឹង អំពីអំពើជួញដូរមនុស្ស ផលប៉ះពាល់ ល្បិចកលជនល្មើស និងនាំគ្នាលុបបំបាត់ទាសភាពសម័យទំនើបនេះ ឲ្យអស់ពីទឹកដីកម្ពុជា”។

សម្ដេចបន្ដថា ជំនឿសាសនា គឺជាឱសថដែលព្យាបាលជំងឺផ្លូវចិត្ត ជាមាគ៌ាតម្រង់ផ្លូវឲ្យមនុស្សដើរទៅតាមផ្លូវសុចរិត ជាច្បាប់កម្រិតឲ្យមនុស្សជៀសវាងនូវកំហុសក្នុងការកសាងបាបកម្ម និងឧក្រិដ្ឋកម្មនានា ឲ្យមនុស្សចេះរស់នៅមានភាពសុខុដុនរមនា ក្នុងកិត្តិយស និងសេចក្តីថ្លៃថ្នូរ ចេះគោរពខ្លួនឯង និងគោរពគ្នាទៅវិញទៅមក មានន័យថា “សាសនា គឺជាប្រភពនៃសេចក្តីសុខ” របស់មនុស្ស។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីមហាផ្ទៃ ជំនឿយ៉ាងមុតមាំថា តាមរយៈ វេទិកាអន្តរសាសនាថ្នាក់ជាតិលើកទី៣ នឹងជួយរួមចំណែកដល់សកម្មភាពបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឈានទៅបញ្ចប់ទាសភាពសម័យទំនើបយ៉ាងពិតប្រាកដ។

ចំណែក ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានលើកឡើងថា ភាគីពាក់ព័ន្ធទាំងអស់ត្រូវប្រឆាំងដាច់ខាតអំពើជួញដូរ កេងប្រវ័ញ្ចគ្រប់រូបភាពលើមនុស្ស និងសូមបញ្ចប់ឲ្យបាននូវទាសភាពសម័យទំនើបដ៏អមនុស្សធម៌នេះ ដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជា និងមនុស្សទូទៅក្នុងពិភពលោក។

សូមរំលឹកថា ក្នុងឆមាសទី១ ឆ្នាំ២០១៩ ក្រុមសមត្ថកិច្ចចម្រុះមកពីអគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ទាំង១៩ បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទបាន៧៨ករណី និងឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន៩៧ ក្នុងនោះស្រី២២នាក់ អនីតិជន៩នាក់ ជនបរទេស១៤នាក់ដែល មានជនជាតិចិន១២នាក់ និងអាមេរិក២នាក់៕ដោយ៖ឃឹម វិសាល