ព័ត៌មានជាតិ

សុខៗបាត់ខ្លួនប្រធានមន្ទីរឧស្សាហកម្មខេត្តកោះកុងពីអង្គប្រជុំ សង្ស័យខ្លាចអីម៉្យាង

image

កោះកុង៖ លោក ខ្លឹម គគីរ ប្រធានមន្ទីរ ឧស្សាហកម្ម និងសិប្បកម្មស្ងាត់ៗគេចខ្លួនបាត់ មិនប្រាប់នរណាម្នាក់ ខណៈពលរដ្ឋលើកឡើងពីបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់ ក្នុងកម្មវិធីបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា។

ពលរដ្ឋជាច្រើនគ្រួសារ ផ្តើមបាត់បង់ជំនឿទុកចិត្តពីមន្ត្រីជំនាញមួយរូបក្នុងខេត្តកោះកុង ខណៈពលរដ្ឋកំពុងជួបវិបត្តិ ខ្វះខាតទឹកស្អាតប្រើប្រាស់ ក្នុងមូលដ្ឋានរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ស្របពេលដែលប្រធានមន្ទិរឧស្សាហកម្ម និងសិប្បកម្មស្ងាត់ៗគេចខ្លួនបាត់ មិនប្រាប់នរណាម្នាក់ ហាក់បីដូចជាច្រានចោល លើបញ្ហាមួយនេះ។ ពលរដ្ឋជាច្រើនគ្រួសារ ផ្តើមបាត់បង់ជំនឿទុកចិត្តពីមន្ត្រីជំនាញក្នុងខេត្តកោះកុងមួយរូបនេះ បានផ្ទុះឡើងស្របពេលដែលលោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា ធ្វើការអញ្ជើញមន្ត្រីនេះ ចូលរួមបកស្រាយរាល់បញ្ហាអសកម្មនាពេលកន្លងមកនៅក្នុងកម្មវិធី បើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ដែលមានពលរដ្ឋមកចូលរួម រាប់រយគ្រួសារ។

បញ្ហានេះបានធ្វើឲ្យលោកអភិបាលស្រុកមានការខកចិត្ត និងទទួលរងនូវភាពអាម៉ាស់ចំពោះមុខប្រជាពលរដ្ឋរាប់រយនាក់ នៅក្នុងទឹកដីរបស់ខ្លួន។

រាល់បញ្ហាអសកម្មរបស់មន្ត្រីជំនាញគ្រប់ផ្នែក ក៏ដូចជាក្រុមហ៊ុន សុទ្ធតែបានបកស្រាយទទួលស្គាល់ការពិតនិងបានធ្វើបទបង្ហាញស្តីពីកំហុសឆ្គងរបស់ខ្លួន ជូនដល់បងប្អូនប្រជាពលរដ្ឋ មិនឲ្យខកចិត្ត។ មិនត្រឹមតែប៉ុណ្ណោះទៀតសោត ថែមទាំងបានកែសម្រួលនិងដោះស្រាយរាល់កំហុសខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន រហូតដល់ពួកគាត់ទទួលយកទៅអនុវត្តន៍ ដោះស្រាយក្នុងជីវភាពរស់នៅច្រចាំថ្ងៃយ៉ាងសប្បាយចិត្ត។

ខុសប្លែកអ្វីតែលោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្ម បែរជាគេចខ្លួនបាត់ស្រមោល ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង និងបានបង្កភាពខុសប្រក្រតីមួយយ៉ាងធ្ងន់ធ្ងរនៅចំពោះមុខ ប្រធានក្រុមប្រឺក្សាស្រុក រួមទាំងអភិបាលស្រុកំណ្ឌលសីមានិង អស់លោកតំណាងក្រុមហ៊ុន LYP Group មួយទាំងមូលផងដែរ។

ការគេចវេស ដោយពុំបានជំរាបនរណាម្នាក់នាពេលនេះ ក្រោមហេតុផលមួយលើកឡើងថា មានគេណាត់ជួបប្រជុំនេះជាការអះអាងរបស់លោក ខ្លឹម គគីរ បានប្រាប់អ្នកសារព័ត៌មាន ក្រោយពេលលោកចាកចេញផុតទៅ។

ដោយឡែកបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបផលលំបាកនៅតែរង់ចាំការបកស្រាយពីលោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្ម ខេត្តកោះកុងទទួលបន្ទុកដោះស្រាយរឿងវិបត្តិទឹកស្អាតជូនប្រជាពលរដ្ឋក្នុងខេត្តកោះកុងទាំងមូល៕ ដោយ៖ តាំង សុន្នី