បុរសម្នាក់លោតពីលើអគារ THE SKY LINE កម្ពស់៣៨ជាន់ ស្លាប់ទាំងព្រឹក
ភ្នំពេញ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងទាំងព្រឹកព្រលឹម បន្ទាប់ពីបុរសម្នាក់សង្ស័យលោតពីលើអគារដែលមានកម្ពស់៣៨ជាន់ស្លាប់ កាលពីវេលាម៉ោង ៥:៣០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចអគារ THE SKY LINE ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញសមត្ថកិច្ចស្លៀកពាក់ស៉ីវិលជាច្រើនម៉ូតូ បានធ្វើដំណើរឡើងទៅលើអគារ THE SKY LINE បាត់អស់មួយសន្ទុះធំ ស្រាប់តែដល់វេលាម៉ោង៥:៣០នាទីព្រឹក មានបុរសម្នាក់ ធ្លាក់ពីលើអគារមកដល់ជាន់ផ្ទាល់ដី បែកសាកសព។
អ្នកឃើញហេតុការណ៍បានសង្ស័យថា បុរសខាងលើលោតពីជាន់ទី៣៧មកដី ដើម្បីគេចពីការតាមចាប់របស់សមត្ថកិច្ច អាចជាករណីគ្រឿងញៀន។
ចំណែកប្រភពព័ត៌មានមួយទៀត ពីនារីម្នាក់ដែលស្នាក់នៅអគារខាងលើបានឲ្យដឹងថា គាត់ស្នាក់នៅបន្ទប់ជាន់ទី៣០ អំឡុងម៉ោង៥ទៀបភ្លឺ គាត់បានឮសម្លេងឈ្លោះប្រកែកគ្នារវាងប្តីប្រពន្ធ ព្រមទាំងមានសម្លេងស្រែក និងទ្រហោយំនៅជាន់លើ អាចជាជាន់ទី៣១។ នៅប្រហែលមួយសន្ទុះធំ គាត់កំពុងអង្គុយចុចទូរសព្ទបែមុខទៅបង្អួច ស្រាប់តែមានអ្វីធ្លាក់ពីជាន់លើ ឆ្លងកាត់បង្អួចរបស់គាត់ ដោយគាត់ស្មានថាជាសម្រាមធ្លាក់ មិននឹកស្មានថាជាមនុស្សធ្លាក់សោះ។
សាកសពជាមនុស្សប្រុស មិនច្បាស់វ័យ និងសញ្ជាតិ បានបែកសាច់ជាដុំៗ និងដាច់ខ្លួនជា២កំណាត់ នៅក្បែរសព គេឃើញមានកាបូបស្ពាយពណ៌ខ្មៅ១ផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញខាងកោសល្យវិច័យឲ្យចុះមកទីតាំងកើតហេតុ ដើម្បីត្រួតពិនិត្យសាកសព និងស្រាវជ្រាវរកមូលហេតុ៕
ដោយ៖ ឌីយ៉ាម៉ង់