ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដឹកនាំគណៈប្រតិភូនគរបាលជាតិកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន
| ព័ត៌មានជាតិ
SHARE

ប៉េកាំង ៖ ផ្តើមចេញពីលទ្ធផលនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងថ្នាក់ដឹកនាំកំពូល នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងលទ្ធផល នៃដំណើរទស្សនកិច្ចរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីចុងខែមីនា ឆ្នាំ ២០១៩កន្លងទៅ និងឆ្លើយតបតាមការអញ្ជើញរបស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទៅបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី០៥-០៧ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ លទ្ធផល និងសកម្មភាពសំខាន់ៗនៃដំណើរទស្សនកិច្ចនេះមានដូចខាងក្រោម៖

រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ទូ ហាងហៃ អនុរដ្ឋមន្ត្រី នៃក្រសួងសន្តិសុខសាធារណៈចិន។ តាមរយៈជំនួបពិភាក្សាជាផ្លូវការនេះ ឯកឧត្តម ទូ ហាងហ្វៃ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ទាំងកម្រិតរដ្ឋាភិបាល ទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណចិន ជាពិសេសកិច្ចសហការអនុវត្តច្បាប់រវាងកងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ ដែលភាគីចិនបានចាត់ទុកថា គឺជាគំរូសម្រាប់កិច្ចសហការអនុវត្តច្បាប់នៅក្នុងតំបន់។

ក្នុងជំនួបពិភាក្សានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណចំពោះក្រសួងសន្តិសុខសាធារណៈចិន ដែលកន្លងមក តែងបានជួយឧបត្ថម្ភគាំទ្រដល់កម្លាំងនគរបាលជាតិកម្ពុជា ទាំងស្មារតី និងសម្ភារៈ និងស្នើសុំឲ្យភាគីចិនបន្តគាំទ្រទាំងបទពិសោធន៍ និងការបំពាក់មធ្យោបាយ សម្ភារៈ សម្រាប់ការរៀបចំផែនការការពារកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងកីឡា Sea Games ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំក្នុងឆ្នាំ២០២០ និង២០២៣ ខាងមុខនេះ។ សំណើនេះត្រូវបានភាគីចិនទទួលយក និងសន្យាជួយគាំទ្រអស់ពីចិត្ត ពីថ្លើម។ ក្នុងនាមក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងឯកឧត្តម ទូ ហាងហ្វៃ ក៏បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី «ការបង្កើតការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់» នាថ្ងៃដដែលនេះផងដែរ។

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ច ដកពិសោធន៍ការងារពាក់ព័ន្ធនឹងការការពារសន្តិសុខនៅគោលដៅសំខាន់ៗមួយចំនួនដូចជា៖-

- សិក្សាស្វែងយល់អំពីការរៀបចំបំពាក់ប្រព័ន្ធបច្ចេកវិទ្យា និងការផលិតសម្ភារៈបច្ចេកទេសបម្រើឲ្យការងារសន្តិសុខរបស់ក្រុមហ៊ុនផលិតសម្ភារៈបច្ចេកទេសប្រឆាំងបទល្មើសបច្ចេកវិទ្យា (ជាក្រុមហ៊ុនផ្គត់ផ្គង់ទីផ្សារពិភពលោក)

- ទស្សនានៅទីតាំង នៃគណៈកម្មាធិការអូឡាំពិកចិន ដើម្បីស្រង់យកបទពិសោធន៍ការងារពាក់ព័ន្ធកិច្ចការពារព្រឹត្តិការណ៍អូឡាំពិកកាលពីឆ្នាំ២០០៨ និងការត្រៀមធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២២ សម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងារ

- ទស្សនាដកពិសោធន៍ការរៀបចំផែនការសន្តិសុខ តាមបែបប្រព័ន្ធការពារទំនើប នៃគណៈបញ្ជាការសន្តិសុខ «ធានអានមែន» សម្រាប់មីទ្ទិញខួបឯករាជ្យចិនលើកទី៧០ ដែលមានមហាជនចូលរួមប្រមាណជាមួយលាននាក់

- ទស្សនាទីក្រុងធានជីង ដែលជាទីក្រុងអភិវឌ្ឍន៍ និងស្តាប់បទពិសោធន៍ក្នុងការរៀបចំកងកម្លាំង និងការបំពាក់ឧបករណ៍ សម្ភារៈ ដល់កម្លាំងអន្តរាគមន៍ពិសេសនៃទីក្រុងនេះផងដែរ។

គណៈប្រតិភូដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើមាតុភូមិន៍និវត្តន៍នាយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ប្រកបដោយសុវត្ថិភាព និងបាននាំយកមកជាមួយនូវបទពិសោធន៍ល្អៗជាច្រើនសម្រាប់ធ្វើជាមូលដ្ឋានក្នុងការរៀបចំយុទ្ធសាស្ត្រធានាស្ថិរភាព សន្តិសុខសង្គម ក៏ដូចជាព្រឹត្តិការណ៍ល្អៗជាច្រើនសម្រាប់ធ្វើជាមូលដ្ឋានក្នុងការរៀបចំយុទ្ធសាស្ត្រធានាស្ថិរភាព សន្តិសុខសង្គម ក៏ដូចជាព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗនៅកម្ពុជាផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation