ផ្តើមពីរឿងស្នេហាត្រីកោណ ជនសង្ស័យម្នាក់ នាំបក្សពួកខ្លួនស្វែងរកកាប់គូសត្រូវដល់ផ្ទះមិនឃើញក៏កាប់ផ្ទះជំនួសរំសាយកំហឹង ចុងក្រោយជាប់ខ្នោះ
បន្ទាយមានជ័យ៖ ក្នុងរយៈពេល២ខែកន្លងមកនេះក្នុងក្រុងសិរីសោភ័ណ មានក្មេងទំនើងជាច្រើនក្រុម បានបង្កបញ្ហា ដេញកាប់ចាក់គ្នាយ៉ាងសាហាវ ក្នុងនោះមានទាំងដាវ ដំបង ជើងម៉ា កែវ ដបស្រាជាដើម ការដេញកាប់ចាក់គ្នាយ៉ាងគឃ្លេីនរបស់ក្មេងទំនើងនេះក៏មានម្ខាងៗរងរបួសដែរក្រោយពីធ្វើសកម្មភាពហើយបានរត់គេច តែមិនរួចខ្លួនឡេីយ ដោយត្រូវកម្លាំងនគរបាលក្រុងសិរីសោភ័ណឃាត់ខ្លួនបានជាបន្តបន្ទាប់បញ្ជូនទៅតុការដាក់ទោសអស់ហើយ។
ជាក់ស្តែងកាលពីយប់ថ្ងៃទី២០ខែ កញ្ញាឆ្នាំ២០២៣ វេលាម៉ោង ៥៖១០នាទី ស្រាប់តែមានក្រុមក្មេងទំនើង១ក្រុមមានគ្នា៤នាក់ ផ្តើមពីរឿងស្នេហាត្រីកោណ ជនសង្ស័យម្នាក់ បានបបួលបក្សពួកខ្លួន៣នាក់ទៀតស្វែងរកកាប់គូសត្រូវស្នេហារបស់ខ្លួនដល់ផ្ទះ តែមិនឃើញក៏កាប់ផ្ទះជំនួសខ្ទេច។
លោកវរៈសេនីយ៍ឯក សុី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ដេីមបណ្តឹងឈ្មោះ ម៉ាន់ វណ្ណី ភេទប្រុស អាយុ ១៦ឆ្នាំរស់នៅភូមិ ទឹកថ្លា សង្កាត់ ទឹកថ្លា ក្រុងសិរីសោភ័ណ បានមកប្តឹងនៅអធិការដ្ឋាននគរបាលក្រុងថា នៅយប់ទី២០ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ៥ទាបភ្លឺ ខ្លួនបានជិះម៉ូតូចេញពីផ្ទះទៅយកឈ្មោះ ស័ក្ត ភេទប្រុស អាយុ ១៨ឆ្នាំរស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ទៅហាងស៊ុបរស់ជាតិពីរ ផ្លូវលេខ២ ស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ពេលទៅដល់មុខហាងស្រាប់តែមាន មនុស្ស ២នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ឆ្នាំ២០១៩ មកឈប់ពីមុខ បម្រុងដកកាំបិតពីម៉ូតូកាប់មកលើខ្លួនពេលនោះខ្លួនបានរត់គេចចូលក្នុងហាងផុតហើយពួកវាបានឡើងជិះម៉ូតូទៅវិញបាត់អស់។
ក្រោយពីទទួលបានពាក្យបណ្ដឹងហើយ លោក សុី ឌី បានដឹកនាំកម្លាំងនគរបាល១ក្រុមចុះធ្វើការស្រាវជ្រាវ ទើបរកជនសង្ស័យឃើញ នៅកន្លែងជាងជួសជុលរថយន្ដ ផ្លូវលេខ១ ស្ថិតក្នុងភូមិ ភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ឃាត់ខ្លួនបាន៤នាក់ ១/មានឈ្មោះ ដុំ ប៉ាវ ២/ឈ្មោះរស់ រិទ្ធធា ភេទប្រុស អាយុ២១ឆ្នាំ ៣/ឈ្មោះម៉ាន់ សីហា ភេទប្រុស អាយុ២១ឆ្នាំ៤/ឈ្មោះ រស់ រឹទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ។
លោកអធិការនគរបាលក្រុងសិរីសោភ័ណ បានបន្តទៀតថា តាមចម្លេីយរបស់ឈ្មោះ ដុំ ប៉ាវ ជាអ្នកបន្ករឿងបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះខ្លួនបានដឹកស្រីស្នេហ៍តាមម៉ូតូរបស់ខ្លួនមកដល់កន្លែងកើតហេតុ ស្រាប់តែមានមនុស្ស១ក្រុមទៀតមករករឿងខ្លួនប្រហែលធ្វើការប្រច័ណ្ឌក៏បង្កើតជារឿងជម្លោះយ៉ាងបែកផ្សេងតែមិនបានកាប់ចាក់គ្នាទេ ក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន។
ឈ្មោះ ដុំ ប៉ាវ បាននិយាយទៀតថា លុះកន្លងបាន២ថ្ងៃ ដោយសារកំហឹងមិនអាចបំភ្លេចបានខ្លួនក៏បានហៅបក្សពួកខ្លួន៣នាក់ទៀត ក្នុងនោះមានទាំងដាវ២ដើម ជិះម៉ូតូទៅដល់ផ្ទះគូសត្រូវរបស់ខ្លួន ឈ្មោះ ប៉ាវ ភេទប្រុស អាយុ ១៨ឆ្នាំផ្ទះនៅផ្លូវប៉ារ៉ែត ភូមិសូភី សង្កាត់កំពង់ស្វាយ តែពុំឃើញមានមនុស្សក៏កាប់ផ្ទះជំនួសបែកកញ្ចក់អស់ដើម្បីរំសាយកំហឹង។
ក្រោយពីសួរចម្លេីយចប់ជនសង្ស័យទាំង៤នាក់បានបញ្ជូនមកស្នងការខេត្តដើម្បីចាត់កាបន្ត។
ជនសង្ស័យទាំង៤នាក់នេះ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងនគរបាកការិយាល័យព្រហ្មទណ្ឌ ធ្វើកំណត់ហេតុ និងបញ្ជូនទៅតុលាការខេត្តនៅថ្ងៃ ទី២២ ខែកញ្ញា ឆ្នាំ ២០២៣ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ ជា ថន