ផ្លូវគ្រោះក្រហមនិងស្ពានមួយចំនួនក្នុងស្រុកបូទុមសាគររងការខូចខាតដោយជំនន់ទឹកភ្លៀង ត្រូវបានរដ្ឋបាលស្រុកបិទការធ្វើចរាចរណ៍ ចំពោះរថយន្តធំកង់១០
| ព័ត៌មានជាតិ
SHARE

កោះកុង ៖ផ្លូវគ្រោះក្រហម និងស្ពានជាច្រើនខ្សែស្ថិតក្នុងស្រុកបូទុមសាគរផ្តើមខូចខាតដោយគ្រោះធម្មជាតិ ក្នុងរដូវវស្សាឆ្នាំនេះ។បើតាមសេចក្តីរាយការណ៍ពីរដ្ឋបាលស្រុកបូទុមសាគរ បានអោយCNC ដឹងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នេះថា បញ្ហាគ្រោះធម្មជាតិ នៅឆ្នាំនេះបានបង្ករអោយមានការខូចខាតផ្លូវគ្រោះក្រហមអស់ជាច្រើនខ្សែ ពោលគឺ ផ្លូវក្នុងភូមិជីមាល និងផ្លូវក្នុងភូមិអណ្តូងទឹក,ផ្លូវបំបែកចាប់ពីភូមិជីត្រេះ មកឃុំ ថ្ម ស,និងផ្លូវចេញពីឃុំ ថ្មស មកឃុំតានូន ក្នុងនោះស្ពានឈើមួយខ្សែត្រង់ចំណុចអូររអិល ក៏ត្រូវបានកំលាំងទឹកហូរច្រានបាក់ដាច់ទាំងស្រុង ។

ត្រង់ចំណុចស្ពានអូររអិលនេះ ត្រូវបានលោក ក្រូច បុរីសីហា អភិបាលរងស្រុកបូទុមសាគរ ដឹកនាំកំលាំងជំនាញចុះធ្វើការជួសជុលកែលម្អរ រួចរាល់ជាស្ថាពរ ស្របពេលដែលប្រជាពលរដ្ឋកំពុងមមាញឹក ក្នុងការធ្វើដំណើរឆ្លងកាត់ ធ្វើបុណ្យទាននារដូវបិណ្ឌភ្ជុំ។

នៅព្រឹកថ្ងៃដដែល នេះលោក ហាក់ ឡេង អភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការឯកភាពស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារចម្រុះ ចុះបិទចរាចរណ៍ទាំងស្រុងចំពោះឡានធុនធំចាប់ពីកង់១០ឡើងទៅ ដែលកំពុងប្រើប្រាស់ផ្លូវដីក្រហមក្នុងរដូវវស្សានេះបណ្តាលអោយខូចខាតយ៉ាងធ្ងន់ធ្ងរ ។

លោក ហាក់ ឡេង អភិបាលស្រុកបូទូមសាគរ បន្តថា ដើម្បីប្រើប្រាស់ផ្លូវនេះបានសម្រាប់ធ្វើដំណើរ ក្នុងរដូវបុណ្យភ្ជុំ និងរក្សាគុណភាពផ្លូវ តទៅទៀត រដ្ឋបាលស្រុកអនុញ្ញាតិតែឡានកង់៦ចុះមកក្រោមតែប៉ុណ្ណោះ។ នៅពេលដែលផ្លូវនេះអាចចរាចរណ៍បាននោះអាជ្ញាធរនិងធ្វើសេចក្តីជូនដំណឹងជាថ្មី ដល់ម្ចាស់សហគ្រាស ក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងគ្រឿងសំណង់ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់បានជ្រាប។

ចំពោះការផ្អាកធ្វើចរាចរណ៍ដល់ម្ចាស់សហគ្រាស ក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងគ្រឿងសំណង់ធំៗ នាពេលនេះ លោក ហាក់ ឡេង អភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការឯកភាពស្រុកបូទុមសាគរ បានបញ្ជាក់ប្រាប់CNC នៅថ្ងៃនេះយ៉ាងច្បាស់ថា គឺជាការអនុវត្តឆ្លើយតបទៅនិង អនុសាសន៍ណែនាំដ៏ខ្ពស់របស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ស្របតាបស្ថានភាពភ្លៀងនៅរដូវវស្សានៅឆ្នាំនេះមានលក្ខណធ្ងន់ធ្ងរ៕ដោយ៖ តាំង សុន្នី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation