ព័ត៌មានអន្តរជាតិ

មនុស្ស៨នាក់ស្លាប់និងជាច្រើននាក់ទៀតរងរបួសនៅក្នុងថ្ងៃទី១នៃប្រតិបត្តិការយោធាតួកគីនៅស៊ីរី

image

យោងតាមកងកម្លាំងប្រជាធិបតេយ្យស៊ីរី, មនុស្សយ៉ាងហោចណាស់៨នាក់បានបាត់បង់ជីវិតនិងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងថ្ងៃទី១នៃប្រតិបត្តិការរបស់យោធាតួកគីនៅភាគខាងជើងប្រទេសស៊ីរី។

កងម្លាំងប្រជាធិបតេយ្យស៊ីរីបានបង្ហោះនៅលើគណនីធ្វីតធ័រកាលពីយប់ថ្ងៃពុធថា យុទ្ធជន៣នាក់និងជនស៊ីវិល៥នាក់បានស្លាប់និងជនស៊ីវិលជាច្រើននាក់ទៀតបានរងរបួសដោយសារការបាញ់ផ្លោងដោយមិនរើសមុខទ្រង់ទ្រាយធំពីសំណាក់យោធាតួកគីទៅលើតំបន់ដែលស្ថិតនៅតាមបណ្តោយព្រំដែនក្នុងភាគឦសានប្រទេសស៊ីរី។

ក្រសួងការពារជាតិតួកគីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងប្រដាប់អាវុធរបស់ខ្
លួនបានវាយប្រហារទៅលើគោលដៅចំនួន១៨១កន្លែងក្នុងប្រទេសស៊ីរី។

គួរបញ្ជាក់ថា តួកគីបានចាប់ផ្តើមការវាយលុកផ្នែកយោធាប្រឆាំងនឹងក្រុមយុទ្ធជនអំបូរឃឺដនៅក្នុងភាគពាយព្យប្រទេសស៊ីរីកាលពីថ្ងៃពុធដោយធ្វើការវាយប្រហារតាមផ្លូវអាកាសនិងបាញ់ផ្លោងនៅទូទាំងតំបន់ព្រំដែនក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋបាលរបស់លោក ត្រាំ បានប្រកាសដកកងទ័ពអាមេរិកចេញពីតំបន់នោះ។

ប្រទេសតួកគីបានចាត់ទុកក្រុមយុទ្ធជននេះជាក្រុមភេរវករដោយសារតែពួកគេមានទំនាក់ទំនងជាមួយក្រុមបះបោរឃឺដដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសរបស់ខ្លួន៕