រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធនិងថ្វាយព្រះរាជកុសលជូនព្រះបរមរតនកោដ្ឋគម្រប់៧ឆ្នាំ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃ ទី១៥ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធនិងថ្វាយព្រះរាជកុសលដ៏ថ្លៃថ្លាជូនព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ"គម្រប់៧ឆ្នាំ។

ពិធីនេះបានប្រព្រឹត្តទៅ នៅវេទិកា ៧មករា ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក-លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរ អង្គភាព ជុំវិញខេត្ត សិស្សានុសិស្សនិស្សិត នៅក្នុងមនោសញ្ចេតនា ប្រកបដោយការនឹករលឹកតបស្នងនូវគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបាន នៃព្រះរាជសកម្មភាពក្នុងព្រះរាជកិច្ចបម្រើជាតិ មាតុភូមិរបស់"ព្រះបរមរតនកោដ្ឋ"។

នៅក្នុងឱកាសនោះថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធសិស្សានុសិស្សនិងប្រជាពលរដ្ឋទូទាំងខេត្ត បានថ្វាយកម្រងផ្កា អុជទៀនធូបនិងមានការ ស្មឹងស្មាត គោរពព្រះវិញ្ញាណក្ខ័ន្ធនិងថ្វាយព្រះរាជកុសលព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដីនិងឯកភាពជាតិខ្មែរ"ព្រះបរមរតនកោដ្ឋ"។

មានសន្ទរកថា ថ្លែងក្នុងអង្គពិធី ឯកឧត្ដមអភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ មន្ត្រីរាជការសិស្សានុសិស្សនិងប្រជារាស្ត្រទូទាំងខេត្ត ព្រះសីហនុ ទាំងមូល សូមសំដែងការលំអោយកាយដើម្បីតបស្នងនូវព្រះមហា ករុណទិគុណនិងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុងឧត្ដមវិសេសវិសាល របស់ព្រះអង្គបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយ ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បី បុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សារបង្រួបបង្រួមជាតិ និងអភិវឌ្ឍលើគ្រប់វិស័យនារយៈពេលដែលព្រះអង្គគង់នៅមានព្រះជន្មកន្លងមក។

នៅក្នុងឱកាសនោះថ្នាក់ដឹកនាំគណៈអភិបាលខេត្ត ក៏បានលំអោនកាយថ្វាយនូវព្រះរាជកុសលដ៏ថ្លៃថ្លាចំពោះព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តមសីហនុ «ព្រះបរមរតនកោដ្ឋ»ក្នុងឱកាសថ្ងៃនេះគម្រប់ខួប៧ឆ្នាំដែលជាថ្ងៃចូលទីវង្គត់របស់ព្រះអង្គសូមឧទ្ទិសបួងសួងដល់ព្រះវិញ្ញាណក្ខ័ន្ធ សូមព្រះអង្គទ្រង់យាងចាប់បដិសន្ធិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ ៖ ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation