សម្តេចតេជោ ប្រកាសថា ២០២០ខាងមុខទៅ រាជរដ្ឋាភិបាល នឹងយកពន្ធលើក្រុម ដែលមានប្រាក់បៀវត្សរ៍ ខ្ពស់ជាងគេ ពោលគឺក្រុមគ្រូពេទ្យ និងក្រុមគ្រូបង្រៀន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៥ តុលានេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព, បានលើកឡើងថា ដើម្បីឲ្យការធ្វើវិសោធនកម្មបន្តបន្ទាប់ មានភាពងាយស្រួល និងអាចបត់បៀនបាន តាមពេលវេលា ស្របតាមសភាពការណ៍ អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម សម្តេចបានណែនាំឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំលើកសំណើធ្វើវិសោធនកម្ម មាត្រា៤៧ថ្មី២ នៃច្បាប់ស្តីពីសារពើពន្ធ​ ដោយមិនរំលេចនូវប្រាក់បៀវត្សរ៍ជាប់ពន្ធប្រចាំខែ និងអត្រាពន្ធតាមថ្នាក់ ដូចមុនទៀតទេ គឺនៅក្នុងសេចក្តីព្រាងមាត្រាថ្មី នឹងបើកផ្លូវទុកឲ្យរាជរដ្ឋាភិបាល ទុកកំណត់ប្រាក់បៀវត្សរ៍ត្រូវជាប់ពន្ធ និងអត្រាពន្ធ ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតាមការគ្រោងពិដាន នៃពន្ធបៀវត្សរ៍អប្បបរមាជាប់ពន្ធ នឹងត្រូវដំឡើងពី១លាន២សែនរៀល ដល់១លាន៣សែនរៀល សម្រាប់ឆ្នាំ២០២០។

សម្តេចបានបន្ថែមថា​ ចាប់ពីខែមេសា ឆ្នាំ២០២០ខាងមុខទៅ រាជរដ្ឋាភិបាល នឹងយកពន្ធលើក្រុម ដែលមានប្រាក់បៀវត្សរ៍ ខ្ពស់ជាងគេ ពោលគឺក្រុមគ្រូពេទ្យ និងក្រុមគ្រូបង្រៀន​។ ភ្ជាប់ជាមួយគ្នានោះ សម្តេចតេជោ បានលើកឡើងដែរថា ដរាបណាគណបក្សប្រជាជន ដឹកនាំរាជរដ្ឋាភិបាល គឺមិនយកពន្ធលើដីស្រែចម្ការ និងប្រាក់បៀវត្សរ៍អប្បបរមាឡើយ។​

​តាមការប្រកាសនាព្រឹកមិញនេះ របស់សម្តេចតេជោ បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២០ខាងមុខ ចាប់ពីខែមេសាតទៅ ប្រាក់បៀវត្សរ៍សរុប អប្បបរមា គ្រោងនឹងឡើង សម្រាប់មន្ត្រីរាជការស៊ីវិល ដល់១លាន១សែន៧ម៉ឺន២ពាន់៥រយរៀល, គ្រូបង្រៀន និងគ្រូពេទ្យ ឡើងដល់១លាន២សែន៧ម៉ឺន២ពាន់៥រយរៀល, នរគបាលជាតិ ពលបាលត្រី​ ដល់១លាន២សែន៥ម៉ឺន៦ពាន់៩៧៧រៀល, យោធិនថ្នាក់ពលទោ ដល់១លាន១សែន៨ម៉ឺន១ពាន់៥រយរៀល។

​តាមរយៈការដំឡើងនេះ កម្រិតប្រាក់បៀវត្សរ៍អប្បបរមាខាងលើ នឹងឡើងដល់កម្រិតពិដាន ដែលត្រូវជាប់ពន្ធ លើប្រាក់បៀវត្សរ៍ តាមមាត្រា៤៧ថ្មី២ នៃច្បាប់សារពើពន្ធ។ ហេតុដូចនេះ រាជរដ្ឋាភិបាល មានការចាំបាច់ ក្នុងការកែសម្រួល មាត្រា៤៧ថ្មី២ ក្នុងគោលដៅដំឡើង ប្រាក់បៀវត្សរ៍អប្បបរមា ដែលត្រូវជាប់ពន្ធ ឲ្យរួចផុត ពីកាតាព្វកិច្ចបង់ពន្ធ លើប្រាក់បៀវត្សរ៍បន្តទៀត ដោយដាក់បញ្ចូលទៅក្នុងសេចក្តីព្រៀងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។

​លើសពីនេះ ការយកចិត្តទុកដាក់ ដល់មន្ត្រីរាជការ និងកម្មករនយោជិក ដែលទទួលបានប្រាក់បៀវត្សរ៍អប្បបរមា ហើយរួចផុតពីកាតាព្វកិច្ចបង់ពន្ធ លើប្រាក់បៀវត្សរ៍ ក៏នឹងត្រូវធ្វើឡើង ជាបន្តបន្ទាប់ ទន្ទឹមនឹងការដំឡើងប្រាក់បៀវត្សរ៍អប្បបរមា និងប្រាក់ឈ្នួលអប្បបរមា នៅឆ្នាំក្រោយៗទៀត៕ អត្ថបទ៖ សន ពិសិដ្ឋ ​

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation