ព័ត៌មានជាតិ

វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលជាមួយអង្គការ សមាគម សហជីព និងសហគមន៍នៅខេត្តមណ្ឌលគិរី

image

មណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានរៀបចំវេទិកាសន្ទនា រវាងវេទិកា សម្ព័ន្ធសង្គមស៊ីវិលជាមួយអង្គការ សមាគម សហជីព និងសហគមន៍នៅខេត្តមណ្ឌលគិរី ក្រោមប្រធានបទ “ការពង្រឹង កិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខណ្ឌគោលដៅ អភិវឌ្ឍន៍ ប្រកប  ដោយចីរភាព” ក្រោមអធិបតី ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន ក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោក ញ៉ន សិទ្ធ អភិបាលរងខេត្ត នៃគណៈអភិបាលខេត្ត ព្រមទាំងមានការ ចូលរួម ពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ប្រធាន ឫតំណាងអង្គការសង្គមស៊ីវិល សមាគម និងសហគមន៍នានា ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត សរុបប្រមាណជា១២០នាក់ ដែលប្រព្រឹត្តទៅនៅ សាលប្រជុំអគារក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។

លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត បានឱ្យដឹងថា នៅក្នុងខេត្តមណ្ឌលគិរី មានអង្គការក្រៅរដ្ឋាភិបាល ប្រមាណជា២៣អង្គការ ហើយអង្គការទាំងនោះ បានចូលរួមចំណែកកសាងសង្គមសេដ្ឋកិច្ចនៅក្នុងខេត្ត ជាពិសេស ក្នុងវិស័យដីធ្លី កសិកម្ម កសិឧស្សាហកម្ម វិស័យអប់រំ បរិស្ថាន សង្គមកិច្ច អភិវឌ្ឍន៍ជនបទ និងមួយ ចំនួន ពាក់ព័ន្ធ និងវិស័យវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច។

នៅក្នុងអង្គវេទិកាសន្ទនានេះ អង្គការសង្គមស៊ីវិល អាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធ ក៏បានលើកយកនូវបញ្ហា ប្រឈមជាក់ស្តែង ដែលបានជួបប្រទះកន្លងមក រួមទាំងសំណូមពរមួយចំនួន មកពិភាក្សាយ៉ាងផុសផុល និងដោយ ត្រង់ទៅត្រង់មក ដើម្បីសហការស្វែងរកដំណោះស្រាយរួមគ្នា និងបង្កើតភាពជាដៃគូដោយឆន្ទៈស្មោះត្រង់ រវាង គ្នានឹងគ្នា ព្រមទាំងត្រូវចូលរួមគោរពអនុវត្តច្បាប់ជាធរមាន សំដៅចូលរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។

នាឱកាសនោះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល  បានបញ្ជាក់ថា ការរៀបចំវេទិកាសន្ទនានេះ គោលបំណងដើម្បី ឲ្យអង្គការ សង្គមស៊ីវិល នៅក្នុងខេត្តមណ្ឌលគិរី និងស្ថាប័នពាក់ព័ន្ធទាំងអស់ បានស្វែងយល់អំពីគោលដៅអភិវឌ្ឍន៍ប្រកបទៅដោយចីរភាព  ក៏ដូចជាបានជ្រាបកាន់តែច្បាស់អំពីតួនាទី ភារកិច្ច និងកាតព្វកិច្ចតាមផ្លូវច្បាប់នានា ដែលអង្គការសង្គមស៊ីវិល ត្រូវបំពេញ ដើម្បីឈានទៅបង្កើតភាពជាដៃគូសហការប្រកបដោយប្រសិទ្ធភាព ជាមួយរាជរដ្ឋាភិបាល និងភាគី ពាក់ព័ន្ធ ក្នុងការចូលរួមធ្វើឱ្យសម្រេចបាននូវគោលដៅនេះ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ ឯកឧត្តម បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី មានគោលដៅ អភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និងចង់ឲ្យសង្គមមួយនេះមានសុខដុមរមនីយកម្ម ទាំងផ្នែកសាសនា ជំនឿ និងផ្នែកផ្សេងៗ ដទៃទៀត ដើម្បីធ្វើយ៉ាងណា សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានលក្ខណៈសមរម្យ៕ ដោយ៖ ប៊ុត សុភ័ក្រ