ព័ត៌មានជាតិ

សម្តេចតេជោ ជំរុញឲ្យកម្ពុជា-ឡាវ យកចិត្តទុកដាក់ ​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគ លើវិស័យអគ្គិសនី     

image

  ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៩ ខែតុលានេះ បានអនុញ្ញាតឲ្យ ឯកឧត្តម ខាំផាន់ ភុំម៉ាថាត (Khamphanh Phommathat) សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។

  បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឲ្យដឹងថា ​ក្នុងជំនួបនេះ ​ឯកឧត្តម បានមានប្រសាសន៍ថា ​ឯកឧត្តមបានឃើញកម្ពុជា មានមុខមាត់ថ្មី និងសូមសំដែងនូវការអបអរសាទរ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ កម្ពុជាមានសន្ទុះនៃការរីកចម្រើន យ៉ាងលឿនជាទីបំផុត និងបានកែប្រែមុខមាត់កម្ពុជា ជាកម្ពុជាថ្មីមួយ។ 

  ក្នុងន័យនេះ ឯកឧត្តមក៏បានជម្រាបជូន សម្ដេចតេជោថា ថ្នាក់ដឹកនាំឡាវ ក៏ដូចជាប្រជាជនឡាវផងដែរ​ បានចូលរួមសម្តែងការរីករាយ អបអរសាទរយ៉ាងខ្លាំង ចំពោះការលើកតម្កើង ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយក្នុង​ដំណើរទស្សនកិច្ច របស់ឯកឧត្តមនៅកម្ពុជា នៅពេលនេះ គឺដើម្បីជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅថែមទៀត ឲ្យស្របតាមកម្រិត នៃទំនាក់ទំនងប្រទេសទាំងពីរ ជាពិសេសជំរុញការងារ ដែលបានចុះហត្ថលេខាហើយ រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ឲ្យមានដំណើរការទៅមុខ និងទទួលបានជោគជ័យ។ ​ឯកឧត្តម ​ក៏បាន គោរពសុំការណែនាំ ក៏ដូចជាអនុសាសន៍ រៀនសូត្រ និងចែករំលែកបទពិសោធពីកម្ពុជា។

  ជាការឆ្លើយតប សម្ដេចតេជោ ​បានសំដែង នូវការរីករាយយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម នាយករដ្ឋមន្រ្តី ថង លន់ កាលពីពេលកន្លងទៅ ដែលក្នុងនោះ បានលើកកម្ពស់ទំនាក់ទំនង រវាងកម្ពុជានិងឡាវ ឲ្យទៅជាទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយក៏ជំរុញទំនាក់ទំនងនេះ ដើម្បីធ្វើការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញការវិនិយោគ លើវិស័យអគ្គិសនី ជាពិសេស ការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជា។

  សម្ដេចតេជោ បានលើកទឹកចិត្ត ធ្វើយ៉ាងណាឲ្យភាគីទាំងពីរកម្ពុជា-ឡាវ យកចិត្តទុកដាក់ ក្នុងកិច្ចសហប្រតិបត្តិការ ជាពិសេស ការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគលើវិស័យអគ្គិសនី​ ហើយក៏សូមស្នើឲ្យពិនិត្យមើលលទ្ធភាព មើលសក្ដានុពលផ្សេងទៀត ដែលប្រទេសយើងទាំងពីរ អាចសហការគ្នាបាន ក្នុងន័យជំរុញនិងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យស្របតាម អ្វីដែលថ្នាក់ដឹកនាំបានលើកឡើង នូវកម្រិត​នៃទំនង ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនោះ៕អត្ថបទ ៖ សន ពិសិដ្ឋ