ឯកឧត្តម នាយករដ្ឋមន្ត្រីរុស្ស៊ី ជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ប្រទេសរុស្ស៊ីនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

 សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី ០៣ ខែវិច្ឆិកាឆ្នាំ ២០១៩នេះបានជួបជាមួយពិភាក្សាទ្វេភាគីឯកឧត្តម ឯកឧត្តម ឌីមីទ្រី មីដវីដេវ (Dmitry Medvedev) នាយករដ្ឋមន្រ្តី នៃសហព័ន្ធរុស្ស៊ី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជ៉ំកំពូលអាស៊ានលើកទី៣៥ នាទីក្រុងបាងកកប្រទេសថៃ។


ឯកឧត្តម កៅគឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឲ្យដឹងថា នៅក្នុងជំនួបនេះនាយករដ្ឋមន្ត្រីរុស្ស៊ីបានសំដែងនូវភាពរីករាយ ដែលបានជួបសម្ដេចតេជោនាយករដ្ឋមន្ត្រីសាជាថ្មីម្ដងទៀត ជាពិសេសនៅក្នុងក្របខ័ណ្ឌវេទិកាអន្តរជាតិ។ ឯកឧត្តមបានមានប្រសាសន៍ថែមទៀតថា តាមរយៈសម្ដេចតេជោ គឺឯកឧត្តម ថ្វាយព្រះពរដល់ព្រះករុណាព្រះមហាក្សត្រកម្ពុជាពីឯកឧត្តមប្រធានាធិបតីពូទីន ហើយនិងពីឯកឧត្តមផ្ទាល់ផង។

ឯកឧត្តមនាយករដ្ឋមន្រ្តីរុស្ស៊ីបានជម្រាបសម្តេចតេជោថា រុស្ស៊ីចាត់ទុកកម្ពុជាជាមិត្តជិតស្និទ្ធរបស់រុស្ស៊ីហើយឯកឧត្តមបានមានប្រសាសន៍ថាយើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយយើងចង់បន្តពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងទ្វេភាគីបន្ថែមទៀតជាពិសេសរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលនិងក្របខ័ណ្ឌផ្សេងៗទៀត។


ឯកឧត្តមនាយករដ្ឋមន្រ្តី រុស្ស៊ីបានមានប្រសាសន៍ដែរ ឯកឧត្តមសូមអបអរសាទរ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានឈ្នះឆ្នោតនៅឆ្នាំ ២០១៨កន្លងទៅនេះ។
ក្នុងជំនួបនេះក្នុងការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចរីករាយដែលបានជួបឯកឧត្តមនាយករដ្ឋមន្ត្រីសាជាថ្មី ដែលចុងក្រោយយើងបានជួបគ្នា នៅទីក្រុងព្រុចសែលមួយឆ្នាំកន្លងទៅហើយ ។សម្ដេចតេជោក៏បានអរគុណចំពោះការថ្វាយដល់ព្រះមហាក្សត្រ ពីឯកឧត្តមប្រធានាធិបតីពូទីន ក៏ដូចជាឯកឧត្តមផងដែរ។


ចំពោះទំនាក់ទំនងទ្វេភាគី សម្ដេចតេជោបានចាត់ទុកថាប្រទេសទាំងពីរ មានទំនាក់ទំនងយូរលង់មកហើយ ហើយក៏ជិតស្និទ្ធគ្នាទៀត។ សម្ដេចតេជោ បានគូសបញ្ជាក់ផងដែរថា សម្ដេចចង់ថ្លែងអំណរអរគុណឯកឧត្តម ជាពិសេសប្រទេសរុស្ស៊ី ក្នុងការបន្តត្រៀមធ្វើកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន រួមទាំងវិស័យវប្បធម៌ផងដែរ ហើយមិនតែប៉ុណ្ណោះទេ សម្ដេចក៏បានមានប្រសាសន៍ផងដែរថា ដោយសារកម្ពុជាត្រៀមខ្លួនរួចរាល់ក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការក្នុងការរៀបចំទិវាវប្បធម៌រុស្ស៊ីនៅក្នុងឆ្នាំ ២០២០នៅកម្ពុជា និងសូមអរគុណរុស្ស៊ីដែលគាំទ្រកម្ពុជា ឲ្យក្លាយជាប្រទេសសង្កេតការណ៍នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ហើយផ្ដល់នូវវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីយោធាកម្ពុជានិងផ្ដល់ជំនួយបច្ចេកទេសក្នុងវិស័យកម្ចាត់មីនផងដែរ។


បន្ទាប់ពីនេះទៀតសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ដែរថា សម្ដេចពិតជារីករាយពីទំហំពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរដែលមានការកើនឡើងកន្លងមកនេះហើយក្នុងន័យនេះដើម្បីពង្រឹងទំហំពាណិជ្ជកម្មបន្ថែមទៀតសម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យឯកឧត្តមនាយករដ្ឋមន្ត្រីរុស្ស៊ីជួយជំរុញវិនិយោគិនរុស្ស៊ីឲ្យមកវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជា ក្នុងវិស័យមួយចំនួនដូចជាវិស័យកែច្នៃម្ហូបអាហារ កសិឧស្សាហកម្ម, ឧស្សាហកម្ម អេឡិកត្រូនិក, ឧស្សាហកម្មបង្គំ និងឧស្សាហកម្មផលិតគ្រឿងម៉ាស៊ីនជាដើម។


សម្ដេចតេជោ ហ៊ុន សែន បានស្នើភាគីរុស្ស៊ីពិនិត្យលទ្ធភាពចាប់ផ្ដើមអនុវត្តគម្រោងទំនើបកម្ម មន្ទីពេទ្យមិត្តភាពខ្មែរសូវៀតនៅក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះមន្ទីរពេទ្យនេះជានិមិត្តរូបនៃមិត្តភាពរយៈពេលយូរអង្វែងរវាងប្រទេសយើងទាំងពីរ។


ដោយឡែក ពាក់ព័ន្ធនឹងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី កម្ពុជាក៏សូមថ្លែងអំណរគុណចំពោះការគាំទ្រជាគោលការណ៍របស់រុស្ស៊ីចំពោះកិច្ចប្រឹងប្រែងឲ្យមានការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីនេះ។ សម្ដេចក៏បានមានប្រសាសន៍ផងដែរថាកម្ពុជាស្នើសុំឲ្យរុស្ស៊ីគាំទ្រ ចំពោះការស្នើសុំជាផ្លូវការរបស់កម្ពុជាទៅដល់គណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលកន្លងទៅនេះយើងបានស្នាក់ដាក់ស្នើសុំរួចមកហើយ។


ចំណុចមួយទៀត ដោយសារកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី ១៣នៅឆ្នាំ ២០២០ខាងមុខនេះ សម្ដេច បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីរុស្ស៊ី អញ្ជើញចូលរួមកិច្ចប្រជុំនេះផងដែរ ហើយចំពោះពេលវេលាជាក់លាក់និងជូនទៅតាមការទូតនៅពេលក្រោយទៀត។


នៅក្នុងជំនួបនេះ ឯកឧត្តម នាយករដ្ឋមន្ត្រីរុស្ស៊ី បានជម្រាបសម្តេចតេជោ ហ៊ុន សែនថា ថា ប្រទេសរុស្សី ចង់សហការជាមួយកម្ពុជាលើវិស័យជាច្រើនរួមទាំងវិស័យឧស្សាហកម្មហើយយើងចង់បន្តផ្ដល់ការគាំទ្រទៅដល់កម្ពុជានៅក្នុង កិច្ចសហការលើវិស័យថាមពល ដូចជាវិស័យប្រេង វិស័យទូរគមនាគមន៍, ខាងជលផលនិងការបង្កើតកិច្ចសហប្រតិបត្តិការផ្សេងៗទៀតនៅកម្ពុជា។
ចំពោះពាណិជ្ជកម្មសេរីរវាងកម្ពុជានិងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ឯកឧត្តមបានគូសបញ្ជាក់ថា នេះជាកិច្ចការមានសារៈសំខាន់ណាស់ហើយជាគំនិតផ្ដួចផ្ដើមដ៏ល្អយើងអាចចុះកិច្ចព្រមព្រៀងនៅពេលខាងមុខនេះក្រោយពីការចរចារួចមកហើយ ហើយឧត្តមគូសបញ្ជាក់ថា ក្រោយពីការចរចា ទំហំសេដ្ឋកិច្ចរវាងកម្ពុជា ជាមួយនឹងEUនឹងអាចមានការកើនឡើងយ៉ាងច្រើន ហើយយើងអាចមានកិច្ចសហសកាយ៉ាងល្អលើវិស័យឧស្សាហកម្ម វិទ្យាសាស្រ្តនិងវិស័យផ្សេងៗទៀតជាពិសេសនៅក្នុងការ ដោះមីននៅក្នុងវិស័យការពារជាតិដែលប្រទេសរុស្ស៊ីចង់បន្តក្នុងការបណ្ដុះបណ្ដាលផ្នែកមន្ត្រីយោធាកម្ពុជា ហើយរុស្ស៊ីក៏ចង់ចូលវិស័យដោះមីននៅកម្ពុជានេះ រួមទាំងការបណ្ដុះបណ្ដាលផង។


ក្រៅពីនេះទៀត ពាក់ព័ន្ធនឹងមន្ទីរពេទ្យ ឯកឧត្តមគូសបញ្ជាក់ថា នេះជាគម្រោងដ៏សំខាន់ ហើយយើងនឹងខិតខំប្រឹងប្រែងនៅក្នុងការធ្វើការងារនេះឲ្យបានឆាប់ កាន់តែល្អ។

ឱកាសនេះ ឯកឧត្តមនាយករដ្ឋមន្រ្តីរុស្ស៊ីបានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការជំរុញកិច្ចសហការលើវិស័យជាច្រើនរវាងប្រទេសយើងទាំងពីរ ជាពិសេស នៅក្នុងក្របខ័ណ្ឌអាស៊ានដែលកម្ពុជា បានចូលរួមយ៉ាងច្រើននៅក្នុងក្របខ័ណ្ឌអាស៊ាន និងរុស្ស៊ីដើម្បីកិច្ចសហការបន្តទៀត។


ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាសិម នៅឆ្នាំ ២០២០ ឯកឧត្តមបានថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្រ្តី ចំពោះការអញ្ជើញឯកឧត្តម ទៅចូលរួមកិច្ចប្រជុំនៅទីក្រុងភ្នំពេញ នៅឆ្នាំក្រោយនេះ ដោយឯកឧត្តមនឹងអញ្ជើញចូលរួម។


ឯកឧត្តមនាយករដ្ឋមន្ត្រីរុស្ស៊ីបញ្ជាក់ចំពោះសម្តេចតេជោ ហ៊ុន សែន ថា ប្រទេសរុស្ស៊ីនឹងបន្តជួយដល់វិស័យអប់រំ និងការបណ្ដុះបណ្ដាលដល់កម្ពុជា ហើយជាពិសេសទៀត ឯកឧត្តមមានប្រសាសន៍ថា នៅឆ្នាំក្រោយឆ្នាំ ២០២០ ប្រទេសរុស្ស៊ីនឹងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាផងដែរ។


នៅក្នុងជំនួបនេះសម្ដេចក៏បានមានប្រសាសន៍ថា សម្ដេចពិតជារីករាយ ដែលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដំណើរការទៅយ៉ាងល្អ ហើយយើងនឹងបន្តពង្រីកពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ។ ហើយពាក់ព័ន្ធនឹងការបណ្តុះបណ្តាលធនធានមនុស្ស សម្ដេចគូសបញ្ជាក់ថា គឺជាវិស័យអាទិភាពរបស់រដ្ឋាភិបាល ហើយសម្ដេចក៏ថ្លែងអំណរគុណឯកឧត្តមនាយករដ្ឋមន្ត្រី ដែលបានជំរុញក្នុងការបន្ថែមអាហាររូបករណ៍ ក៏ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ។


ឯកឧត្តមនាយករដ្ឋមន្ត្រីរុស្សី បានគូសបញ្ជាក់ថាការងារទាំងអស់នេះ ជាពិសេសការបណ្ដុះបណ្ដាលនេះជាមូលដ្ឋាននៃមិត្តភាពរវាងប្រទេសយើងទាំងពីរ ហើយយើងគោរពគ្នាទៅវិញទៅមក និងមានការយោគយល់គ្នាទៅវិញទៅមក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation