មេបញ្ជាការកងទ័ពជើងគោក ៖ការហ្វឹកហ្វឺនជំនាញបាញ់គ្រាប់ពិតគឺដើម្បីពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ក្នុងវិស័យការពារជាតិ 
| ព័ត៌មានជាតិ
SHARE

(បាត់ដំបង)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិតថ្នាក់វរៈសេនាតូចថ្មើជើងសហការ វាយលុក នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោសែនភ្នំវាយចាប យោធភូមិភាគទី៥  ស្រុកបាណន់ ខេត្តបាត់ដំបង  កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ 

គោលបំណងសំខាន់នៃការបាញ់គ្រាប់ពិតនេះ គឺដើម្បីធ្វើការហ្វឹកហ្វឺនដល់នាយទាហានថ្នាក់ជំនាញ ដើម្បីលើកកម្ពស់ សមត្ថភាពក្នុងការដឹកនាំបញ្ជា និងចាត់តាំងសហការប្រយុទ្ធវាយលុក  និងសកម្មភាពប្រយុទ្ធដល់កម្លាំងកងយោធពល ខេមរភូមិន្ទឲ្យស្ទាត់ជំនាញ គួបផ្សំយុទ្ធវិធីនិងបច្ចេកទេសថ្មីៗ ដើម្បីសម្រេចតួនាទីភារកិច្ចប្រគល់ជូន ដោយធានាសុវត្ថិភាព ទាំងនៅក្នុងដំណាក់កាលមុន ក្នុងពេល និងក្រោយពេលប្រយុទ្ធ ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពិធីបិទវគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិតថ្នាក់វរៈសេនាតូចថ្មើជើង សហការវាយលុក នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោសែនភ្នំវាយចាប យោធភូមិភាគទី៥  នេះបានធ្វើឡើង ស្របពេលដែលប្រទេសកម្ពុជាកំពុងតែរៀបចំទិវាបុណ្យឯករាជ្យជាតិ និងទិវាបង្កើតកងយោធពលខេមរភូមិន្ទ៩ វិច្ឆិកា ២០១៩ ព្រមទាំងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្តែតប្រទីប ដ៏សែនសប្បាយរីករាយ  ទៅតាមការគ្រោងទុក ជារៀងរាល់ឆ្នាំ ។

មេបញ្ជាការកងទ័ពជើងគោក បានបង្ហាញឲ្យដឹងថា ការហ្វឹកហ្វឺនរបស់កងយោធពលខេមរភូមិន្ទនេះ សូមឲ្យក្លាយទៅជាការ ត្រៀមប្រយុទ្ធដ៏អង់អាចក្លាហានដើម្បីការពារបូរណភាពទឹកដី ការពារប្រជាជន ដែលចង់បានព្រំដែនសន្ដិភាព ចង់ឲ្យប្រទេស មានសន្ដិភាព ដែលជាសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ស្ថិតក្នុងចក្ខុវិស័យរបស់កងយោធពលខមេរភូមិន្ទនាពេលខាងមុខ ការហ្វឹកហ្វឺន រៀនសូត្រ នឹងត្រូវធ្វើឲ្យដូចជាការពិត អ្វីដែលសំខាន់ជាងនេះទៀតនោះ ឯកឧត្តម បានធ្វើការកោតសរសើរដល់កម្លាំង ហ្វឹកហ្វឺន និងថ្នាក់ដឹកនាំទាំងអស់ ដែលបានចូលរួមធ្វើឲ្យកងយោធពលខេមរភូមិន្ទយើងមានសមត្ថភាពមានគុណភាព ក្នុងវិស័យការពារជាតិ មាតុភូមិរបស់យើងគ្រប់ៗគ្នា តាមរយៈនៃការហ្វឹកហ្វឺនរៀនសូត្ររបស់កងកម្លាំងយោធភូមិភាគទី៥ នាពេលនេះគឺជាការត្រួតពិនិត្យលទ្ធផលហ្វឹកហ្វឺនដើម្បីដកស្រង់ពិសោធន៍ ដឹកនាំធ្វើការហ្វឹកហ្វឺនឆ្នាំក្រោយបន្តទៀត ឲ្យកាន់តែល្អប្រសើរជាងនេះថែមទៀត ។

សូមបញ្ជាក់ថា  ទីលានហាត់បាញ់គ្រាប់ពិតនេះមានទំហំផ្ទៃដីជាង៦០០ហិចតា ដែលស្ថិតនៅលើភូមិសាស្ត្រមួយដ៏មាន អំណោយ ផលល្អសម្រាប់ជាការលើកទឹកចិត្តដល់កងកម្លាំងទាំងអស់់ធ្វើកាេរហ្វឹកហាត់ទទួលបានជោគជ័យ ហើយទីលាននេះស្ថិតក្រោមការបង្កើតឡើងដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ។  ជាលទ្ធផលនៃការបាញ់គ្រាប់ពិតបានសម្រេចលទ្ធផលជិត១០០% គឺនៅសល់តិចតួចប៉ុណ្ណោះនឹងត្រូវធ្វើការកែលំអបន្ថែមទៀតនៅពេលក្រោយទៀត ៕ដោយ៖ឡាច សុគន្ធាវី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation