ក្រសួងសុខាភិបាល៖ ពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ មានពលរដ្ឋជិត២ម៉ឺននាក់ដែលមានបញ្ហាសុខភាពត្រូវបានពិនិត្យនិងព្យាបាល
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថានៅក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ ២០១៩ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ក្រុមគ្រូពេទ្យដែលប្រចាំការថែទាំសុខភាពជូនប្រជាពលរដ្ឋនៅតាមតំបន់គោលដៅនៃទីតាំងកម្សាន្តសប្បាយក្នុងពិធីបុណ្យអុំទូក បានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានអញ្ជើញចូលរួមអបអរសាទរនិងសប្បាយរីករាយនៅក្នុងព្រះរាជពិធីបុណ្យដ៏មហាឡារិកចំនួនបី ថ្ងៃកន្លងមកនេះ។

ក្រសួងសុខាភិបាលបន្តថា ទន្ទឹមនោះក៏មានបងប្អូនប្រជាពលរដ្ឋយើងមានអាការមិនស្រួលខ្លួនក្នុងពេលដើរកម្សាន្តសប្បាយ ហើយបានមកប្រើប្រាស់សេវាពិនិត្យព្យាបាលនៅតាមតង់សុខភាពទាំង ១២កន្លែងនិងនៅតាមទីតាំងដែលមានរថយន្តគិលានសង្គ្រោះរបស់ក្រសួងសុខាភិបាល។ ក្រុមគ្រូពេទ្យសរុបទាំងអស់ ១០៧៦នាក់ បានយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ជាទីបំផុត ក្នុងការផ្ដល់សេវាពិនិត្យនិងព្យាបាលជំងឺនៅតាមទីតាំងដែលបានកំណត់ផងនិងចល័តក្នុងហ្វូងមនុស្សផង ដើម្បីបម្រើសេវាសុខភាព ដល់ប្រជាពលរដ្ឋដែលមានសុខភាពតិចតួចក្នុងពេលដើរលេងកម្សាន្តសប្បាយនៅក្នុងពិធីបុណ្យនិងទស្សនាការប្រណាំងទូក។

ជាសរុបចំនួនករណីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ១៨០៨៩ នាក់ក្នុងនោះមានស្រីជាង៥ពាន់នាក់ និងបញ្ជូនទៅមន្ទីរពេទ្យជាតិមានចំនួន ៣៣នាក់ ដែលពួកគាត់មានបញ្ហាសុខភាពដូចជា ផ្ដាសាយហៀរសំបោរមានចំនួនជាង៤ពាន់នាក់, គ្រុនក្តៅមានចំនួនជាង២ពាន់នាក់ ,រាករួសនិងរាកមូលមានចំនួន២៤៧ នាក់, អ្នកខ្យល់ចាប់មានចំនួន ៣៧៦ នាក់, អ្នកឈឺក្បាលជាង ៣ពាន់នាក់, អ្នកចុកពោះជាង២ពាន់នាក់, អ្នកដែលអស់កម្លាំង ជាង២ពាន់នាក់ និងមានអាការរោគផ្សេងៗជាង ២ពាន់នាក់ទៀត។

ក្រសួងសុខាភិបាលបានបញ្ជាក់បន្ថែមថា ក្រុមគ្រូពេទ្យការពារសុខភាពទាំងអស់បានជួយសង្គ្រោះបន្ទាន់ភ្លាមៗជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពរហូតដល់ពួកគាត់ធូរស្បើយ ដោយមិនមានបញ្ហាធ្ងន់ធ្ងរអ្វីឡើយហើយពួកគាត់ក៏បានបន្តដើរលេងកម្សាន្តបន្តទៀតរហូតដល់ចប់រាជពិធីប្រកបដោយក្តីសប្បាយរីករាយ។

ជាមួយគ្នានេះក្រសួងសុខាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំនិងក្រុមគ្រូពេទ្យការពារសុខភាពទាំងអស់ទាំងនៅថ្នាក់កណ្ដាល នៅថ្នាក់រាជធានីខេត្តទាំង២៥ ដែលបានបោះបង់ពេលវេលាផ្ទាល់ខ្លួនពីក្រុមគ្រួសារដោយមិនបានឈប់សម្រាក មកបំពេញភារកិច្ចដ៏មមាញឹកនិងមានសារៈសំខាន់នេះជូនបងប្អូនប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់មានសុខភាពល្អចូលរួមកម្សាន្តសប្បាយក្នុងព្រះរាជពិធីបុណ្យអុំទូកដែលទើបនឹងបញ្ចប់ប្រកបដោយជោគជ័យជាទីបំផុត។

សូមជម្រាបថា ក្រោមការដឹកនាំនិងយកចិត្តទុកដាក់ខ្ពស់និងសុខភាពរបស់ប្រជាពលរដ្ឋពីសំណាក់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានរៀបចំដាក់ឲ្យមានក្រុមគ្រូពេទ្យការពារសុខភាពផ្ដល់សេវាពិនិត្យព្យាបាលនៅតាមទីតាំងចំនួន ១២ កន្លែងនិងក្រុមប្រជាជនគិលានសង្គ្រោះចំនួន ៦៨គ្រឿង ដែលបានដាក់ឲ្យបម្រើការនៅតាមគោលដៅកំណត់រយៈពេលបីថ្ងៃព្រះរាជពិធីបុណ្យអុំទូក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation