ព័ត៌មានជាតិ

អាជ្ញាធរក្រុងសែនមនោរម្យ សហការជាមួយ មន្ទីរបរិស្ថានខេត្ត ធ្វើយុទ្ធនាការសំអាត អនាម័យបរិស្ថានក្នុងក្រុងសែនមនោរម្យ

image

(មណ្ឌលគិរី)៖ ដើម្បីបំផុសស្មារតីអោយប្រជាពលរដ្ឋ និងអាជីវករមានការយល់ដឹង និងចូលរួមសំអាតអនាម័យបរិស្ថានទាំងអស់គ្នា ជាពិសេស ដើម្បីអោយក្រុងសែនមនោរម្យ ទឹកដី នៃខេត្តមណ្ឌលគិរី មានសោភ័ណ្ឌភាពស្រស់បំព្រង និងអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាកាន់តែច្រើនឡើងពីមួយឆ្នាំទៅ មួយឆ្នាំ នាព្រឹកថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ អាជ្ញាធរក្រុងសែនមនោរម្យ សហការជាមួយមន្ទីរបរិស្ថានខេត្ត រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី សម្ពន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងប្រជា ពលរដ្ឋប្រមាណជា ៧០នាក់ បានមកជួបជុំគ្នានៅរង្វង់មូលគោព្រៃ ដើម្បីធ្វើយុទ្ធនារួមគ្នា ក្នុងការសំអាតអនាម័យបរិស្ថាន ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

អភិបាលក្រុងសែនមនោរម្យ លោក ឡុង វិបុល បានអោយដឹងថា ខេត្តមណ្ឌលគិរី ជាខេត្តទេសចរណ៍មួយដែលប្រទេសកម្ពុជាបានចាប់អារម្មណ៍ ជាពិសេស មានអាកាសធាតុល្អបរិសុទ្ធ និងសម្បូទៅដោយ ធនធានធម្មជាតិ។ លោកបន្ថែមថា ដើម្បីឱ្យក្រុងសែនមនោរម្យ មានសោភ័ណ្ឌភាពស្រស់ព្រង និងមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ក៏សូមឱ្យប្រជាពលរដ្ឋ និងអាជីវករទាំងអស់ចូល រួមសំអាតអនាម័យបរិស្ថាន ឱ្យបានស្អាត ព្រោះបរិស្ថានស្អាត គឺផ្តើមចេញពីយើងទាំងអស់គ្នា។

អភិបាលក្រុងសែនមនោរម្យ បញ្ជាក់បន្ថែម សំរាម គឺចាប់ផ្តើមចេញពីយើងទាំងអស់គ្នា ដូច្នេះ ការធ្វើយុទ្ធនាការរួមគ្នា សំអាតអនាម័យ បរិស្ថានក្នុងក្រុងសែនមនោរម្យនាពេលនេះ គឺបែកចែកជា៦ក្រុម និងមានរថយន្តសម្រាប់ដឹកសំរាមមានចំនួន៨គ្រឿង ហើយក្រុមនីមួយៗ ត្រូវសំអាតអនាម័យបរិស្ថាន តាមផ្លូវសាធារណៈនានា និងក្នុងផ្សារសែនមនោរម្យ ដើម្បីបំផុសស្មារតីឱ្យប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ត្រូវរៀបចំទុកដាក់ និងវេចខ្ចប់សំរាមឱ្យបានល្អ។ ជាងនេះទៅទៀត លោកអភិបាលក្រុងសែនមនោរម្យ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ត្រូវចូលរួមចំណែកទប់ស្កាត់ការប្រើប្រាស់ថង់ផ្លាស់ ស្ទិច និងចូលរួមសំអាតអនាម័យជុំវិញផ្ទះឱ្យបានស្អាត ដើម្បីសុខភាពយើងទាំងអស់គ្នា៕

អត្ថបទ ៖ នាង ចាន់ថា