ព័ត៌មានអន្តរជាតិ

រុស្ស៊ីធ្វើមាតុភូមិនិវត្តន៍កុមារ៣២នាក់ដែលជាកូនរបស់សមាជិកក្រុមរដ្ឋអ៊ីស្លាមមកពីអ៊ីរ៉ាក់

image

ប្រទេសរុស្ស៊ីបានប្រកាសថាខ្លួនបានធ្វើមាតុភូមិនិវត្តន៍កុមារចំនួន៣២នាក់ដែលជាកូនរបស់សមាជិកក្រុមរដ្ឋអ៊ីស្លាមមកពីប្រទេសអ៊ីរ៉ាក់។ កាលពីថ្ងៃអង្គារ ទូរទស្សន៍រដ្ឋរបស់រុស្ស៊ីបានបង្ហាញវីដេអូនៃការមកដល់របស់កុមារទាំងនោះនៅអាកាសយានដ្ឋានមួយស្ថិតនៅជាយទីក្រុងម៉ូស្គូ (Moscow)។

អាជ្ញាធររុស្ស៊ីបាននិយាយថា កុមារទាំងនោះមានអាយុចន្លោះពី១ឆ្នាំទៅ៩ឆ្នាំហើយនឹងត្រូវបានពិនិត្យសុខភាពមុនពេលដែលប្រគល់ទៅឲ្យសាច់ញាតិរបស់ពួកគេ។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ពួកគេត្រូវបានឃុំខ្លួននៅតាមមជ្ឈមណ្ឌលឃុំឃាំងសម្រាប់ដាក់ជនស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសអ៊ីរ៉ាក់ឬពន្ធនាគារជាមួយម្តាយរបស់ពួកគេ។

ក្រសួងការបរទេសរុស្សីបានឲ្យដឹងផងដែរថា កុមារដែលជាកូនរបស់សមាជិកក្រុមអាយស៊ីសសរុប១២២នាក់ហើយដែលបានធ្វើមាតុភូមិនិវត្តន៍ត្រឡប់មករុស្ស៊ីវិញ។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា ពលរដ្ឋរុស្ស៊ីជាង៤ពាន់នាក់និងពលរដ្ឋប្រហែល៥ពាន់នាក់ទៀតមកពីអតីតរដ្ឋសូវៀតផ្សេងទៀតបានចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់៕