ព័ត៌មានអន្តរជាតិ

ការរញ្ជួយដីធ្វើឲ្យអគារខ្ពស់ៗយោលយោគនៅក្នុងទីក្រុងបាងកក

image

ការរញ្ជួយដីដ៏ខ្លាំងបានធ្វើឱ្យកក្រើកតំបន់ព្រំដែនដែលស្ថិតនៅចន្លោះភាគខាងជើងប្រទេសថៃនិងប្រទេសឡាវនៅព្រឹកថ្ងៃព្រហស្បតិ៍នេះដោយធ្វើឱ្យរង្គើអគារខ្ពស់ៗនៅក្នុងទីក្រុងបាងកកនិងរដ្ឋធានីរបស់ប្រទេសវៀតណាម។ វីដេអូជាច្រើនបង្ហាញពីអំពូលកំពុងយោលយោគនៅក្នុងអគារក្នុងទីក្រុងបាងកងត្រូវបានគេបង្ហោះព្រោងព្រាតនៅតាមបណ្ដាញសង្គមបន្ទាប់ពីមានការរញ្ជួយដីកម្រិត៦,១រ៉ិចទ័រនោះ។

អគារខ្ពស់ៗបានយោលយោគយឺតៗអស់រយៈពេលប្រហែលកន្លះនាទីនៅក្នុងទីក្រុងបាងកកហើយបានធ្វើឲ្យពលរដ្ឋភ្ញាក់ផ្អើល។ ពលរដ្ឋនៅក្នុងទីក្រុងឈៀងម៉ៃស្ថិតនៅភាគខាងជើងប្រទេសថៃក៏ជួបប្រទះការរង្គើរយៈពេលយូរដែរប៉ុន្តែមិនមានការខូចខាតធ្ងន់ធ្ងរនោះទេ។

ការញ័រក៏បានកើតឡើងផងដែរនៅក្នុងទីក្រុងហាណូយប្រទេសវៀតណាម។ ទីភ្នាក់ងារអង្កេតភូមិសាស្ត្រអាមេរិកបានប្រកាសថាការរញ្ជួយដីនោះកើតឡើងនៅក្រោមដីជម្រៅប្រហែល១០គីឡូម៉ែត្រ៕