ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលចំនួន២ នៅសាធារណរដ្ឋកូរ៉េ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ​បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១ នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ។

ការអញ្ជើញដោយ ឯកឧត្តម ប្រាក់ សុខុន តំណាងសម្តេចតេជោនាពេលនេះ ដោយសារជំងឺម្តាយក្មេករបស់សម្តេច ស្ថិតនៅក្នុងស្ថានភាព សង្រ្គោះបន្ទាន់។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ​តាម Facebook របស់សម្តេច ចេញផ្សាយនារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩​ ​បានមានប្រសាសន៍ថា ៖ «ពេលនេះ ខ្ញុំកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារម្តាយក្មេក ជាទីគោរពស្រឡាញ់របស់ខ្ញុំ កំពុងស្ថិតនៅសង្រ្គោះបន្ទាន់ នឹងពិនិត្យឃើញថា ពិបាកនឹងសង្រ្គោះបាន។ ហេតុការណ៍នេះ បានកើតឡើងចំពេលដែល ខ្ញុំត្រៀមចាកចេញ ទៅប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ»។

សម្តេចបន្ថែមថា «ដោយបំពេញភារៈកិច្ចជាកូន ខ្ញុំគ្មានជម្រើសអ្វី ក្រៅតែពីសុំទោសប្រធានាធិបតីកូរ៉េ មូន ចេអ៊ីន និងឯកឧត្តម ប្រាយុទ្ឋ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដែលជាប្រធានអាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀត ចំពោះការអាក់ខានរបស់ខ្ញុំ សម្រាប់កិច្ចប្រជុំ ដ៏មានសារៈសំខាន់នេះ»។​​

គណៈប្រតិភូដឹកនាំដោយឯកឧត្តម ប្រាក់ សុខុន នាពេលនេះ មាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម, ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីប្រៃសណីយ៍ និងទូរគមនាគមន៍, ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីយុត្តិធម៌ និង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឥស្សរជនជាន់ខ្ពស់ មួយចំនួនទៀត នៃរាជរដ្ឋាភិបាល។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា កិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ នឹងគូសបញ្ជាក់អំពីខួបលើកទី៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ ហើយនឹងកំណត់ពី កិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្ត រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ ឲ្យដល់កម្រិតថ្មីខ្ពស់ជាងមុន។ លើសពីនេះ កិច្ចប្រជុំកំពូលទាំងពីរ នឹងក្លាយទៅជាព្រឹត្តិការណ៍ ដ៏សំខាន់បន្ថែមទៀត ដើម្បីជំរុញបន្ថែម នូវភាពជាដៃគូរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ អាស៊ាន-សាធារណរដ្ឋកូរ៉េ និងបណ្តាប្រទេសមេគង្គ-សាធារណរដ្ឋកូរ៉េ សម្រាប់ផលប្រយោជន៍ និងវិបុលភាពពិតប្រាកដ របស់ប្រជាជនខ្លួន៕ អត្ថបទ ៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation