ព័ត៌មានជាតិ

ក្រុមហ៊ុនថៃមួយចាប់អារម្មណ៍នឹងសកម្មភាពមនុស្សធម៌ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)

image

ភ្នំពេញ៖ ដោយមើលឃើញពីសកម្មភាពមនុស្សធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និងទឹកចិត្តឆន្ទៈក្នុងការចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមនេះ ក្រុមហ៊ុនRukshinedan Limited Partership បានប្រគល់បរិក្ខារពេទ្យជាច្រើនប្រភេទជូនដល់សមាគមTYDA នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមវត្តមានលោក ម៉ៅ ស៊ីវ៉ាត តំណាងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេច(TYDA) រួមជាមួយនឹងក្រុមការងារជាច្រើនរូបទៀត។ 

លោក Pisanu Saratee និងលោកស្រី Tunyschanok Ropmuang ថ្នាក់ដឹកនាំក្រុមហ៊ុនបានចាប់អារម្មណ៍ចំពោះសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)លោក និងលោកស្រីក៏បានប្រាប់ដល់មិត្តភ័ក្តិ និងបានរួមគ្នាប្រមូលថវិកាទិញសម្ភារដើម្បីសកម្មភាពមនុស្សធម៌ជាមួយសមាគមTYDA។ លោកនិងលោកស្រីដែលតំណាងឲ្យគណៈប្រតិភូថៃក៏បានបន្ថែមថាលោកនឹងខិតខំកៀរគរមិត្តភ័ក្តិ និងសប្បុរសជនដទៃទៀតឲ្យចូលរួមនៅក្នុងសកម្មភាពសង្គមដ៏ល្អប្រពៃនេះ។ 

លោក ម៉ៅ ស៊ីវ៉ាត ជំនួសមុខឱ្យឯកឧត្តម ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនRukshinedan Limited Partership និងសប្បុរសជនដទៃទៀតដែលមានទឹកចិត្ត និងចំណាប់អារម្មណ៍ក្នុងការចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ជាមួយសមាគមTYDA។ លោកបន្ថែមថាអំណោយមនុស្សធម៌នេះ នឹងត្រូវប្រើប្រាស់នៅក្នុងសកម្មភាពរបស់សមាគមដើម្បីជួយដល់ប្រជាពលរដ្ឋ។ 

សូមបញ្ជាក់ថានេះ គឺជាការចាប់អារម្មណ៍សកម្មភាពមនុស្សធម៌ និងការចូលរួមពីសំណាក់ក្រុមហ៊ុនមួយនៅក្នុងចំណោមបណ្ដាក្រុមហ៊ុន អង្គការ ដៃគូជាច្រើនទៀតដែលបានចូលរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌របស់សមាគមTYDA នាពេលកន្លងមក៕អត្ថបទ៖មួង សុវណ្ណារិទ្ធ