មន្ត្រីជាន់ខ្ពស់កម្ពុជាប្រាប់មហាសន្និបាត AIMF ថា ទីក្រុងភ្នំពេញប្រែមុខមាត់សព្វថ្ងៃ ដោយសារការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា
| ព័ត៌មានជាតិ
SHARE

ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តម ហោ ណាំហុងឧបនាយករដ្ឋមន្ដ្រី នៅព្រឹកថ្ងៃនេះ បានមានប្រសាសន៍ ក្នុង មហាសន្និបាត សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF ថា ក្រោយភ្លើងសង្គ្រាមត្រូវបានបញ្ចប់ ភ្នំពេញបានក្លាយទៅជាទីក្រុងខ្មោចខ្ទេចខ្ទាំ រហូតប្រែមុខប្រែមាត់ មកជារាជធានីដែលមានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី។

ឯកឧត្តម ហោ ណាំហុងឧបនាយករដ្ឋមន្ដ្រីបន្តថា បន្ទាប់ពីរបបខ្មែរក្រហម បានដួលរលំទៅ រាជធានីភ្នំពេញ គឺជាទីក្រុងខ្មោច គ្មានមនុស្សរស់នៅទេប្រជាជន ទីក្រុងភ្នំពេញទាំងមូល ត្រូវបានជម្លៀសចេញដោយបង្ខំ ឲ្យទៅធ្វើពលកម្មនៅតាមទីជនបទ និងក្នុងព្រៃ។ គ្មានរដ្ឋបាល គ្មានសាលារៀន គ្មានមន្ទីរពេទ្យ គ្មានផ្សារ គ្មានរូបិយវត្ថុ គ្មានអគ្គិសនី គ្មានទឹកស្អាត។ល។ ផ្ទះត្រូវគេរុះរើ និងអគារនានាប្រែទៅជាចាស់ៗ ទ្រុឌទ្រោម ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លាញទាំងអស់។ សម័យនោះ ភ្នំពេញ គឺជាទីក្រុងដ៏សោកសង្រេងមួយ។

ចាប់ពីឆ្នាំ២០០០មក ទីក្រុងនេះ បានប្រឈមនឹងបញ្ហាបន្ទាន់ថ្មីៗទៀត ដោយប្រជាជន បានចាកចេញពីជនបទចូលមករស់នៅ ដែលទាមទារឲ្យមានការសាងសង់ លំនៅដ្ឋាននៅតាមសង្កាត់បណ្តោះអាសន្នមួយចំនួន។ ចាប់ពីឆ្នាំ២០០៤មក ទីក្រុងបានចាប់ផ្តើមការពង្រីក វិសាលភាពរបស់ខ្លួន ចាប់ផ្តើមឈានចូលដល់ ដំណាក់កាលធ្វើឧស្សាហកម្មភាវូបនីយកម្ម ដោយបានបង្កើតការងារជាច្រើននៅតាមរោងចក្រវាយនភណ្ឌ។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មី ត្រូវបានកសាង និងពង្រីកដោយសារមានការកកស្ទះចរាចរណ៍ នៅលើដងផ្លូវដូចតាមបណ្តារដ្ឋធានីដទៃទៀត នៅអាស៊ីអាគ្នេយ៍។

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញប្រាប់មហាសន្និបាត AIMF ថាដោយសារនយោបាយឈ្នះឈ្នះរបស់ សម្ដេចតេជោ ហ៊ុន សែន ទើបកម្ពុជាបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ និងមានការអភិវឌ្ឍដូចបច្ចុប្បន្ន។

អភិបាលរាជធានីភ្នំពេញ បានបន្ដទៀតថា ក្រោយថ្ងៃរំដោះ ០៧ មករា ឆ្នាំ១៩៧៩ ភ្នំពេញត្រូវបានស្តារបន្តិចម្តងៗ ស្របតាមដំណើរវិវត្តន៍ នៃបរិការណ៍ជាក់ស្តែង នីមួយៗហើយបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជធានីភ្នំពេញ បានស្គាល់សាជាថ្មី នូវការអភិវឌ្ឍ។ នេះក៏ដោយសារតែជីវភាពរស់នៅរបស់ប្រជាជន មានភាពប្រសើរឡើង ដោយសារតែកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចដល់ទៅ៧.៧% ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដែលអនុញ្ញាតឲ្យកម្ពុជា កាត់បន្ថយអត្រាភាពក្រីក្រមកនៅត្រឹម១០% ប៉ុណ្ណោះក្នុងឆ្នាំ២០១៨៕អត្ថបទ ៖ ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation